(ភ្នំពេញ)៖ ភាគីកម្ពុជាស្នើភាគីសហរដ្ឋអាមេរិកជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរ វិនិយោគិនមកកាន់កម្ពុជា ខណៈភ្ញៀវទេសចរសហរដ្ឋអាមេរិកជាទីផ្សារគោលដៅធំរបស់កម្ពុជា។

ការស្នើនេះធ្វើឡើងក្នុងជំនួបពិភាក្សារវាងលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ផាទ្រីក មើហ្វី (W.Partrick Muphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកកម្ពុជា នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ដើម្បីពិភាក្សាអំពីការធ្វើឱ្យប្រសើរឡើងនូវភាពជាដៃគូកម្ពុជា-អាមេរិក ជាពិសេសជំរុញរំហូរទេសចរ និងពិនិត្យកាលានុវត្តភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ភ្ញៀវទេសចរសហរដ្ឋអាមេរិកជាទីផ្សារគោលដៅធំរបស់កម្ពុជា ដោយស្ថិតក្នុងចំណោមទីផ្សារធំទាំង១០ ទាំងមុន និងក្រោយវិបត្តិកូវីដ-១៩។

លោករដ្ឋមន្ត្រីបានស្នើឱ្យឯកអគ្គរដ្ឋទូតជួយគាំទ្រដល់ផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និងជួយជំរុញភ្ញៀវទេសចរសហរដ្ឋអាមេរិកឱ្យមកទស្សនាប្រទេសកម្ពុជាឱ្យកាន់តែកើនច្រើនឡើងបន្ថែមទៀត ជាពិសេសវិនិយោគិនដែលមានចំណាប់អារម្មណ៍វិនិយោគនៅកម្ពុជា។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត ផាទ្រីក មើហ្វី បានសន្យាជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរ វិនិយោគិនមកកាន់កម្ពុជា។ លោកឯកអគ្គរដ្ឋទូតសង្ឃឹមថានឹងឃើញភ្ញៀវទេសចរកម្ពុជាកាន់តែច្រើនមកសហរដ្ឋអាមេរិក និងបន្តសម្រួលការធ្វើដំណើររវាងប្រទេសទាំងពីរ។

លោករដ្ឋមន្ត្រី សុខ សូកេន និងឯកអគ្គរដ្ឋទូត ផាទ្រីក មើហ្វី ថែមទាំងបានប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍បន្ថែមទៀត តាមរយៈការលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌និងសេដ្ឋកិច្ច ការកសាងទំនាក់ទំនងរវាងប្រជាជននិងប្រជាជនឱ្យកាន់តែរឹងមាំ និងការបង្កើនទំនុកចិត្តនិងប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ៕