(ភ្នំពេញ)៖ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានប្រកាសឲ្យដឹងថា គណបក្សសង្រ្គោះជាតិ សម្រេចផ្អាកការធ្វើសន្និសីទសារព័ត៌មាន រៀងរាល់ថ្ងៃដូចមុននេះទៀតហើយ។ លោកថា គណបក្សនឹងធ្វើសន្និសីទតែថ្ងៃណា ដែលមានព្រឹត្តិការណ៍សំខាន់ៗប៉ុណ្ណោះ។
នៅក្នុងសន្និសីទកាសែត នៅព្រឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦នេះ លោក យឹម សុវណ្ណ បានបញ្ជាក់ឲ្យដឹងថា «ចាប់ពីថ្ងៃនេះ តទៅគណបក្សសង្រ្គោះជាតិ នឹងមិនរៀបចំសន្និសីទសារព័ត៌មាន ជារៀងរាល់ថ្ងៃទៀតទេ គឺយើងធ្វើឡើង តែថ្ងៃណា ដែលមានព្រឹត្តិការណ៍ សំខាន់ៗកើតឡើងតែប៉ុណ្ណោះ»។
គួរបញ្ជាក់ថា ចាប់តាំងពីតុលាការអនុវត្តនីតិវិធីលើ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ កាលពីខែឧសភាមក គណបក្សប្រឆាំងមួយនេះ បានរៀបចំឲ្យមានការធ្វើសន្និសីទសារព័ត៌មាន ជារៀងរាល់ថ្ងៃ ដើម្បីប្រាប់ពីស្ថានភាព និងការវិវត្ដន៍នយោបាយ ជារៀងរាល់ថ្ងៃទៅដល់ប្រជាពលរដ្ឋ និងអ្នកគាំទ្ររបស់គណបក្សសង្រ្គោះជាតិ៕