(ភ្នំពេញ)៖ លោកវរសេនីយ៍ត្រី ឯក សេរីវុធ អធិការរងនគរបាលយុត្តិធម៌ ខណ្ឌជ្រោយចង្វារ បានឲ្យអង្គភាព Fresh News ដឹងថានៅ​យប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦នេះ កម្លាំងនគរបាលខណ្ឌរបស់លោក បានធ្វើការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់១០នាក់ បន្ថែមទៀតហើយដែលជាមុខសញ្ញារក្សាទុក និងប្រើប្រាស់គ្រឿងញៀន។ ការឃាត់ខ្លួននេះធ្វើឡើង នៅចំណុចទល់មុខវត្តគៀនឃ្លាំង តាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ​។​

លោកវរសេនីយ៍ត្រី បានបញ្ជាក់ថា «កុំថាឡើយថ្ងៃ បើទោះ ជាយប់ ក៏នៅតែបន្តសកម្មភាពជាប្រចាំហាក់បីដូចភ្លៀងរលឹម ដោយយាមល្បាតក្នុងភូមិសាស្ត្រ ដើម្បីរក្សាសន្តិសុខសុវត្ថភាពជូនពលរដ្ឋ ជាក់ស្ដែងនៅយប់មិញនេះ កម្លាំងនគរបាលខណ្ឌជ្រោយចង្វារ សហការជាមួយកម្លាំងនគរបាលមូលដ្ឋានប៉ុស្ដិ៍ជ្រោយចង្វារ ក្រោមការដឹកនាំចង្អុលបង្ហាញ​ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីពង្រឹងលើបញ្ហាសន្តិសុខ ភូមិ-សង្កាត់ មានសុវត្ថិភាព ​បង្ក្រាបជាក់ស្ដែងនូវករណីរក្សាទុក និងប្រើប្រាស់គ្រឿងញៀននេះតែម្ដង»

លោកអធិការរងបន្តថា ជនសង្ស័យដែលបានឃាត់ខ្លួន ទី១-ឈ្មោះ ទន់ លិ អាយុ២៣ឆ្នាំ មានមុខរបរជាកម្មករសំណង់ ទី២-ឈ្មោះ ផល ឆាយយ៉ា អាយុ២៣ឆ្នាំ មានមុខរបរកម្មករសំណង់ ជនសង្ស័យទាំង២នាក់ ស្នាក់នៅបុរីប៉េងហួត ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ទី៣-ឈ្មោះ ជា លីដូ​ អាយុ២២ឆ្នាំ មានមុខរបរកម្មករសំណង់ ទី៤-ឈ្មោះ ទុំ សារ័ត្ន អាយុ២២ឆ្នាំ មានមុខរបរមិនពិតប្រាកដ ជនសង្ស័យទាំង២នាក់ស្នាក់នៅភូមិល្វា សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ ទី៥-ឈ្មោះ ទូច មករា អាយុ២១ឆ្នាំ ទី៦-ឈ្មោះសឿន រ៉ាត់ អាយុ១៧ឆ្នាំ ទី៧-ឈ្មោះ ចក់ កុសល់ ភេទប្រុស អាយុ១៦ឆ្នាំ ជនសង្ស័យទាំង៣នាក់ស្នាក់នៅភូមិតាជោ ឃុំសារិកា កែវ ស្រុកល្វាឯម ទី៨-ឈ្មោះសាន សិនសីលា អាយុ១៣ឆ្នាំ មានមុខរបរជាសិស្ស ទី៩-ឈ្មោះ ខន មករា អាយុ១៤ឆ្នាំ មានមុខរបរជាងម៉ូតូ និងទី១០-ឈ្មោះ អុល ហៃ អាយុ១៧ឆ្នាំ ជនសង្ស័យទាំង៣នាក់ស្នាក់នៅភូមិវាល ឃុំឧកញ៉ាអ៊ុង ស្រុកល្វាឯម​។​

ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំងអស់ រួមជាមួយវត្ថុតាងត្រូវបានបញ្ជូនទៅសាកសួរបន្ដ នៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីចាត់ការតាមច្បាប់៕