(ភ្នំពេញ)៖ ជនសង្ស័យពាក់ព័ន្ធបទល្មើសគ្រឿងញៀន២នាក់ រួមជាមួយថ្នាំញៀន៦កញ្ចប់ ត្រូវបានកម្លាំងនគរបាល ខណ្ឌឫស្សីកែវ សហការនិងកម្លាំងនគរបាលប៉ុស្ដិ៍ទួលសង្កែបង្ក្រាបបាន ។

ការបង្ក្រាបឃាត់ខ្លួននេះបានធ្វើឡើងនៅយប់ឈានចូលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ នៅចំណុចលើផ្លូវរថភ្លើង កែងផ្លូវ៧០ ក្រុមទី១ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

មន្ត្រីនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា ជនសង្ស័យត្រូវ ឃាត់ខ្លួនមានឈ្មោះ ម៉ន គឿន ភេទប្រុស អាយុ២៨ឆ្នាំ មានមុខរបររត់តុ គុយទាវ ស្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងម្នាក់ទៀតឈ្មោះ ជន សារ៉ាត់ ភេទប្រុស អាយុ២៨ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវរបេតុង ក្រុមទី១៤ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា ជនគ្រឿងញៀនទាំង២នាក់ រួមជាមួយវត្ថុតាង ត្រូវបន្តឃុំខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ ដើម្បីកសាង សំនុំរឿងចាត់ការតាមនិតិវិធីច្បាប់៕