(ត្បូងឃ្មុំ)៖ អនុវត្តតាមការដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងាររៀបចំការប្រារព្ធពិធីរំលើកខួបអនុស្សាវរីយ៍ ទិវាការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅតំបន់ប្រវត្តិសាស្ត្រតេជោកោះថ្មអ៉ិច១៦ ស្ថិតនៅឃុំទន្លូងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំគណៈប្រតិភូកងរាជអាវុធហត្ថរាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តព្រៃវែង ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ចាម បានអញ្ជើញមកដល់តំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្មអ៉ិច១៦ ដើម្បីធ្វើទស្សនកិច្ចសិក្សាយល់ដឹងជ្រួតជ្រាបអំពីប្រវត្តិនៃការយកជីវិតធ្វើដើមទុនរបស់សមមិត្ត ហ៊ុន សែន ដែលបានចាកចេញពីប្រទេសកំណើត កសាងចលនាតស៊ូប្រឆាំងនឹងរបបប្រល័យពូជសាសន៍ ប៉ុល ពត កាលពី៤៦ឆ្នាំកន្លងទៅ។

យើងឃើញច្បាស់នឹងភ្នែកហើយ នាពេលបច្ចុប្បន្ន នៅលើពិភពលោក កំពុងជួបប្រទះនឹងបញ្ហាជាច្រើន ដូច្នេះយើងរួមគ្នារក្សាសន្តិភាពឱ្យបានទើបរស់នៅបានសុខសាន្ត។

កោះថ្មជាទីតាំងប្រវត្តិសាស្រ្ត នៃដំណើរផ្សងនឹងគ្រោះថ្នាក់ដល់អាយុជីវិតរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត៤រូបផ្សេងទៀត ដើម្បីស្វះស្វែងរកកិច្ចអន្តរាគមន៍ និងកសាងកម្លាំងវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។

នៅយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត៤រូបផ្សេងទៀត រួមមាន នុច ថន, ញឹក ហួន, សន សាញ់ និង វ៉ា ប៉ោអ៊ាន បានសម្រេចចិត្តក្នុងស្ថានភាពដ៏លំបាកជាទីបំផុត ធ្វើដំណើរជ្រែកស្បៃរាត្រីចេញពីបញ្ជាការដ្ឋានវរសេនាធំតំបន់២១ ស្ថិតក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឆ្ពោះទៅកាន់ខេត្តប៊ិញហ្វឿក ប្រទេសវៀតណាម៕