(កណ្តាល)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសផ្តល់ម៉ូតូមួយគ្រឿង ជារង្វាន់លើកទឹកចិត្តដល់សិស្សនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល ដែលប្រឡងបាននិទ្ទេស A នៅក្នុងឆ្នាំ២០១៦នេះ ហើយលោក ក៏នឹងផ្តល់ប្រាក់ដល់សិស្សប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ម្នាក់ៗ ១០ម៉ឺនរៀលផងដែរ។
ការប្រកាសផ្តល់រង្វាន់សម្រាប់សិស្សថ្នាក់ទី១២ ក្នុងស្រុកកោះធំ បានធ្វើឡើងក្នុងកិច្ចសំណេះសំណាលរវាងលោក ស៊ុន ចាន់ថុល និង លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល ជាមួយសិស្សថ្នាក់ទី១២ ចំនួន ៥៩៥នាក់មកពីវិទ្យាល័យទាំង៤ នៅក្នុងស្រុកកោះធំ នាព្រឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦នេះ។ ជំនួបសំណេះសំណាលធ្វើឡើង ដើម្បីជាការលើកទឹកចិត្ត និងជំរុញឲ្យសិស្សៗប្រឹងប្រែងរៀនសូត្រ ដើម្បីប្រឡងជាប់បាក់ឌុប ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ខាងមុខនេះ។
លោក ចាន់ សុខុម អភិបាលស្រុកកោះធំ បានឲ្យដឹងថា ដើម្បីបង្កើនសមត្ថភាពសិស្សថ្នាក់ទី១២ ត្រៀមប្រឡងបាក់ឌុបនោះ អាជ្ញាធរ ខេត្តរួមជាមួយក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកោះធំ បានផ្តល់ការសិក្សាបំប៉នដល់សិស្សថ្នាក់ទី១២ទូទាំងស្រុកកោះធំ ចំនួនពីរវគ្គ។ វគ្គទី១ សិក្សារៀងរាល់ថ្ងៃសុក្រ និងថ្ងៃសៅរ៍ ចាប់ពីថ្ងៃទី០៤ ខែមិថុនា ដល់ថ្ងៃទី១៤ ខែសីហា។ រីឯវគ្គទី២ សិក្សារៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃ សុក្រ ចាប់ពីថ្ងៃទី២១ ខែកក្កដា ដល់ថ្ងៃទី១៥ ខែសីហា។
វគ្គបំប៉ននេះ មានគ្រូចូលរួមបណ្តុះបណ្តាលរហូតដល់ទៅ ៥០នាក់។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោកអភិបាលស្រុក។
ក្នុងកិច្ចសំណេះសំណាលនាព្រឹកមិញនេះ លោក ស៊ុន ចាន់ថុល បានថ្លែងជំរុញឲ្យសិស្សថ្នាក់ទី១២ ដែលត្រៀមប្រឡងទាំងអស់ត្រូវប្រឹង ប្រែងសិក្សា និងរំលឹកមេរៀនរបស់ខ្លួន ដើម្បីប្រឡងឲ្យបានជាប់ដោយជោគជ័យ។ លោកទេសរដ្ឋមន្រ្តី ក៏បានរំលឹកជូនសិស្សៗផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បាននិងកំពុងប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសជាតិ ហើយក៏ប្រឹងប្រែងកៀរគរអ្នក វិនិយោគមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា ដើម្បីបង្កើនការងារជូនប្រជាពលរដ្ឋ ក៏ដូចផ្តល់ការងារជូនសិស្ស និស្សិត ដែលបញ្ចប់ការសិក្សា ផងដែរ។
លោក ស៊ុន ចាន់ថុល បានប្រាប់ទៅសិស្សទាំងអស់ កុំឲ្យព្រួយបារម្ភ ហើយត្រូវប្រឹងប្រែងរៀនសូត្រឲ្យមានចំណេះ និងចំណេះជំនាញ ឲ្យបានច្បាស់លាស់ ដើម្បីចូលរួមអភិវឌ្ឍសង្គមកម្ពុជា។
នៅក្នុងកិច្ចសំណេះសំណាលនាព្រឹកមិញនេះ លោក ស៊ុន ចាន់ថុល ក៏បានឧបត្ថម្ភដល់សិស្សថ្នាក់ទី១២ ទាំង ៥៩៥នាក់ ម្នាក់ៗ ៤ម៉ឺន រៀល។ ឧបត្ថម្ភគ្រូបំប៉ន ៥៥នាក់ ម្នាក់ៗ ១០ម៉ឺនរៀល និង ឧបត្ថម្ភដល់ការិយាល័យអប់រំស្រុក និង វិទ្យាល័យទាំង៤ ក្នុងស្រុកកោះធំ ក្នុងមួយវិទ្យាល័យ ១០ម៉ឺនរៀលផងដែរ។
សូមបញ្ជាក់ការប្រឡងបាក់ឌុបឆ្នាំ២០១៦នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ខាងមុខនេះ ជាមួយបេក្ខជនប្រមាណ ៩៣,៧៥២នាក់។ បាក់ឌុបឆ្នាំនេះ មាន ១៥៧មណ្ឌល ចែកចេញជា ៣,៧៨១បន្ទប់។
រដ្ឋមន្រ្តីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន បានបញ្ជាក់ហើយថា ការប្រឡងនៅឆ្នាំនេះនៅតែរឹតបន្តឹងដដែល ហើយគ្មានការប្រឡង លើកទី២នោះឡើយ សម្រាប់សិស្សលួចមើលឯកសារ និងនាំចូលឧបករណ៍អេឡិចត្រូនិកក្នុងពេលប្រឡងនឹងត្រូវឲ្យធ្លាក់ដោយ ស្វ័យប្រវត្តិ៕