(ពោធិ៍សាត់)៖ នៅក្នុងឱកាសអបអរសាទរ ខួបលើកទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ដោយឆ្នាំនេះក្រោមប្រធានបទ «រួមជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម» នាថ្ងៃទី១០ ខែ ឆ្នាំ២០២៣ អង្គភាពកងពលតូចអន្តរាគមន៍លេខ១៤ បានប្រគល់ថវិកា ចំនួន៥,២១៥,០០០រៀល ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ដើម្បីប្រើប្រាស់លើការងារបម្រើសកម្មភាពមនុស្សធម៌ ដល់ប្រជាពលរដ្ឋជួបការលំបាក និងដោយរងគ្រោះធម្មជាតិផ្សេងៗ។

ពិធីប្រគល់ទទួលថវិកាខាងលើនេះ ត្រូវបានធ្វើឡើងស្របគ្នា ក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់កងកម្លាំង នៃកងពលតូចអន្តរាគមន៍លេខ១៤ នៅទីបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ១៤ ក្រោមអធិបតីភាព លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់។

លោក ខូយ រីដា បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកឧត្តមសេនីយ៍ទោ គឹម សេងងន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១៤ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន ក្នុងកងឯកភាពទាំងអស់ ដែលបានបរិច្ឆាគធនធានផ្ទាល់ខ្លួន ដល់ការងារមនុស្សធម៌ប្រកបដោយភាពជឿជាក់។ ជាក់ស្តែងក្នុងឱកាសខួបលើកទី១៦០ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ ក្រោមប្រធាន «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម» ឃើញថាព្រះមន្ត្រីសង្ឃខេត្ត ស្រុក ក្រុង និងតាមមន្ទីរ អង្គភាព អាជីវករ និងសប្បុរសជន ទាំងក្នុង និងក្រៅខេត្ត បានចូលរួមបរិច្ឆាគថវិកាផ្ទាល់ខ្លួន ទៅតាមលទ្ធភាព ដើម្បីសាខាមានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុកលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម។

លោក​បានសន្យាថានឹងយកថវិកាទាំងនេះ ទៅប្រើប្រាស់ ចាត់ចែង និងជួយទ្រទ្រង់សកម្មភាពសេវាមនុស្សធម៌ ឆ្លើយតបទៅនឹងតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះដោយប្រការផ្សេងៗឱ្យបានទាន់ពេលវេលា ស្របទៅតាមគោលការណ៍ច្បាស់លាស់ និងចំគោលដៅ ដូចពាក្យថា «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា» ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន៕