(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ បានដឹកនាំប្រតិភូថ្នាក់ដឹកនាំ មន្ទីរអង្គភាព និងរដ្ឋបាលស្រុកក្រុង ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំអំណោយជាថវិកា សម្ភារ មកចែកជូននាយទាហាន នាយទាហានរង និងពលទាហាន ក្នុងអង្គភាពកងពលតូចអន្តរាគមន៍លេខ១៤ ដែលឈរជើងនៅចំណុចភ្នំបាយឃ្លះក្នុងឃុំត្នោតជុំ ស្រុកក្រគរ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។

លោកឧត្តមសេនីយ៍ទោ គឹម សេងងន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១៤ បានសម្តែងនូការគោរពយ៉ាងកក់ក្តៅចំពោះលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងប្រតិភូរួមដំណើរ ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក អញ្ជើញចុះសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន ក្នុងអង្គភាពកងពលតូចអន្តរាគមន៍លេខ១៤ ជាលើកទី១ បន្ទាប់ពីចូលកាន់មុខតំណែង ជាអភិបាលខេត្តពោធិ៍សាត់ មុនឈានចូលដល់បុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ។

លោកបានបន្តថានេះបញ្ជាក់ឱ្យឃើញពីការយកចិត្តទុក ដាក់ដល់នាយទាហាន និងពលទាហាន ក្នុងការបំពេញភារកិច្ចការពារជាតិមាតុភូមិ និងប្រជាពលរដ្ឋ។ ក្នុងនាមមេបញ្ជាការ មេបញ្ជាការរង និងពលទាហាន ទូទាំងអង្គភាព សូមគាំទ្រ និងការពារដាច់ខាត ចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសន្តិភាព ទោះបីស្ថិតក្នុងតម្លៃណាក៏ដោយ មិនឱ្យជនណាម្នាក់មករំលោភបំពានបានឡើយ។

នៅក្នុងឱកាសនោះ លោក ខូយ រីដា បានថ្លែងនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយក្តីនឹករលឹក ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូននាយទាហាន នាយទាហានរង ពលទាហាន និងគ្រួសារ ចំណុះអង្គភាពកងពលតូចអន្តរាគមន៍លេខ១៤ទាំងអស់ ពិសេសសូមជូនពរ នាយទាហាន នាយទាហានរង ពលទាហាន និងគ្រួសារ ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ ជួបតែសេចក្តីសុខ និងសុខភាពល្អគ្រប់ៗគ្នា។

លោកបានថ្លែងថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរជិតឈានចូលមកដល់នោះ រដ្ឋបាលខេត្ត បានដឹកនាំប្រតិភូ ដោយនាំយកគ្រឿងឧបភោគ បរិភោគ រួមជាមួយថវិកាចុះសួរសុខទុក្ខ នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងអង្គភាពកងពលតូចអន្តរាគមន៍លេខ១៤ ឱ្យបានមុនរដូវបុណ្យភ្ជុំបិណ្ឌក្នុងគោលបំណងសម្តែងនូវការគោរពដឹងគុណ ក្នុងការបំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាពលរដ្ឋយ៉ាងសកម្ម ជាពិសេសនាពេលថ្មីៗនេះ បានចូលរួមជាមួយរដ្ឋបាលខេត្ត ក្នុងការជួយអន្តរាគមន៍ទឹកជំនន់ បញ្ជៀសបានការលិចលង់បានទាន់ពេលវេលា។

ពាក់ព័ន្ធទៅនឹងតាមខ្សែបន្តាត់ព្រំដែន កម្ពុជា-ថៃ បន្ទាប់ពីសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី ជំនួសសម្តេចតេជោ ហ៊ុន សែន គឺសភាពការណ៍តាមព្រំដែន នៃប្រទេសទាំង២ មានសភាពស្ងប់ស្ងាត់ល្អ នេះក៏ដោយសារសម្តេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ មានការស្និតស្នាលខ្លាំង ចាប់តាំងពីថ្ងៃឡើងកាន់តំណែងដំបូងព្រមគ្នា។

លោកសំណូមពរដល់ នាយទាហាន នាយទាហានរង និងពលទាហាន ត្រូវគោរពឲ្យបាននូវបទបញ្ជា និងបេសកកម្មណាមួយ ដែលទទួលពីថ្នាក់លើ ដើម្បីកំចាត់កុំឲ្យមាននៃអំពើបែកបាក់សាមគ្គីភាព សុខសន្តិភាព ជាពិសេសបូរណៈភាពទឹកដី ដែលថ្នាក់ដឹកនាំគ្រប់ជំនាន់ ដែលយើងទាំងអស់គ្នាបានថែរក្សាកន្លងមកដោយលំបាក និងត្រូវរក្សាសាមគ្គី ឯកភាពផ្ទៃក្នុងឲ្យបានល្អ ខំហ្វឹកហាត់នូវយុទ្ធវិធីរបស់កងទ័ពកុំបីខាន។ សូមបញ្ជាក់ថា អំណោយរបស់រដ្ឋបាលខេត្ត នាំមកចែកជូនកងពលតូចអន្តរាគមន៍លេខ១៤ នៅពេលនេះ រួមមានអង្ករចំនួន៣តោន មី១០០កេស ត្រីខ១៥កេសធំ ទឹកស៊ីអ៊ីវ ៦០យួរ ទឹកត្រី៦០យួរ និងថវិកា១០លានរៀល៕