(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ បានរៀបចំពិធីសំណេះសំណាលជាមួយនិវត្តន៍ជនកាកបាទក្រហមកម្ពុជា ចំនួន ៣៨នាក់ និងគ្រួសារនិវត្តន៍ជន ដែលបានទទួលមរណភាព ចំនួន ២៧នាក់ សរុបចំនួន ៦៥នាក់ ក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងអន្តរជាតិ និងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៣ ក្រោមអធីបតីភាព លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទ្រហមកម្ពុជា និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីកាកបាទក្រហមជាច្រើននាក់ផងដែរ។

លោកស្រីអគ្គលេខាធិការ បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយក្តីនឹងរលឹក ទោះបីសម្តេចមិនបានអញ្ជើញមកផ្ទាល់ក៏ដោយ តែមនោសញ្ចេតនា តែងតែគិតគូរពីសុខទុក្ខរបស់លោកពូអ្នកមីងជានិច្ច។ លោកពូអ្នកមីងជានិវត្តន៍ជនកាកបាទក្រហមកម្ពុជា បានធ្វើពលិកម្មគ្រប់បែបយ៉ាង ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តបំពេញការងារមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជាតាំងពីដើមរហូតមក ដែលអ្នកខ្លះបានបំពេញការងារមុនពេលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ធ្វើជាប្រធានកាកបាទក្រហមកម្ពុជាមកម្លេះ។

លោកស្រីបន្តថា សមិទ្ធផល ស្នាដៃ និងជោគជ័យ តាំងពីដើម រហូតដល់បច្ចុប្បន្ន ក៏ដូចជាទៅអនាគត គឺបានដោយសារការចូលរួមពីបងប្អូននិវត្តន៍ជន និងមន្ត្រី អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជាយើងទាំងអស់ ដែលបាននិងកំពុងជួយសម្រាលការលំបាកដល់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដូចជាគ្រោះទឹកជំនន់ ខ្យល់កន្ត្រាក់ ភ្លើងឆេះផ្ទះ។ល។ ជាពិសេសបានរួមចំណែកធ្វើឱ្យកាកបាទក្រហមកម្ពុជា មានឈ្មោះល្បីរន្ទឺ ខ្ពស់មុខខ្ពស់មាត់លើឆាកអន្តរជាតិ។

ជាមួយគ្នានោះលោកស្រីអគ្គលេខាធិការបានជូនពរដល់និវត្តន៍ជនទាំងអស់ ជាពិសេសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ២០២៣នេះ សូមមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះតែនឹងព្រះពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ជាចុងក្រោយនេះ លោកស្រី សៅ សុគន្ធ និងលោក ថាត់ ខាំបៃ តំណាងឲ្យនិវត្តន៍ជនទាំងអស់ សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជាទាំងអស់ ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅតែយកចិត្តទុក្ខដាក់ដល់លោកស្រី និងមន្ត្រីបុគ្គលិកដែលចូលនិវត្តន៍ទាំងអស់ និងតែងតែឧបត្ថម្ភថវិកាក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ និងទិវាមនុស្សចាស់កម្ពុជា និងអន្តរជាតិ ជារៀងរាល់ឆ្នាំ និងសូមបួងសួងដល់វត្ថុស័ក្កសិទ្ធិក្នុងលោក សូមឲ្យ មន្ត្រី ថ្នាក់ដឹកនាំកាកបាទក្រហមម្ពុជា ជាពិសេសសម្តេចប្រធាន មានសុខភាពបរិបូរណ៍ និងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ សូមជួបតែសុខសប្បាយ និងធ្វើដំណើរទៅទីណាសូមប្រកបដោយសុវត្ថិភាពជានិច្ច៕