(កំពង់ស្ពឺ)៖ រថយន្តយីឌុបធន់យក្សមួយគ្រឿង ដែលផ្ទុកឈើប្រភេទម្រិញជាច្រើនម៉ែតគូប ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើខណ្ឌកំពង់ស្ពឺ សហការជាមួយអាវុធហត្ថស្រុកបរសេដ្ឋ បង្រ្កាបបាននៅយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ ស្ថិតតាមផ្លូវជាតិលេខ៤៤ ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលបំរ៉ុងនាំចេញទៅកាន់ប្រទេសវៀតណាម ប៉ុន្តែរថយន្តនោះបានខូចម៉ាស៊ីនទៅមុខលេងរួចជាច្រើនថ្ងៃ។
មន្ដ្រីរដ្ឋបាលព្រៃឈើ បានប្រាប់ឱ្យដឹងថា រថយន្តយក្សដឹកឈើ ម្រិញខាងលើម៉ាកហាន់ដាយ ព័ណ៌ទឹកប៊ិច ពាក់ស្លាកលេខ កំពង់ចាម 3A-2715 អ្នកបើកបរមិនស្គាល់ឈ្មោះ ហើយម្ចាស់ឈើបាននាំគ្នាគេចខ្លួនបាត់ស្រមោល។ មន្ដ្រីដដែលបន្តថា ក្រុមឈ្មួញបានដឹកឈើ ចេញពីតំបន់ដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ ដើម្បីនាំទៅលក់នៅប្រទេសវៀតណាម ហើយអ្នករកស៊ីធំៗភាគច្រើន ជាកងកម្លាំងដោយ ប្រើប្រាស់គ្រប់រូបភាព ដើម្បីបិតបាំងសមត្ថកិច្ច ក្នុងនោះក៏មានមន្ត្រីមួយចំនួនទទួលបានលាភសក្ការៈពីក្រុមឈ្មួញ និងមួយចំនួនមិន ទទួលបានផលដែរ ទើបឈានទៅបង្ក្រាបបែបនេះ។
ក្រោយពីបង្ក្រាបរថយន្តយីឌុបដឹកឈើជាច្រើនម៉ែតគូប ដែលខូចម៉ាស៊ីខូចតាមផ្លូវទៅមុខលេងរួចនោះ កម្លាំងជំនាញបានជួលរថយន្ត ទៅសាងដឹកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃកំពង់ស្ពឺ ដើម្បីស្រាវជ្រាវរកម្ចាស់ឈើ កសាងសំណុំរឿងតាមនិតិវិធី ។
សូមបញ្ជាក់ថា សព្វថ្ងៃនេះក្រុមឈ្មួញរកស៊ីឈើធំៗ កំពុងជ្រួយជ្រើមក្នុងទំនាក់ទំនង ជាមួយក្រុមសមត្ថកិច្ច ដើម្បីបើកច្រកដឹកឈើ ទាំងនោះនាំចេញ ទៅកាន់ប្រទេសវៀតណាមតាមច្រករបៀងផ្សេងៗ ដែលអាចធ្វើទៅបាន ព្រោះឈើម្រិញរាប់រយម៉ែតគូប កំពុងកកស្ទះនៅក្នុងព្រៃ និងមួយចំនួនទៀត ត្រូវបានក្រុមអ្នករកស៊ីដឹកជញ្ជូនមកលាក់ទុក ក្នុងតំបន់ដែនជំរកសត្វព្រៃភ្នំឱ្យរ៉ាល់ ដែលជាចំណុចសុវត្ថិភាពរបស់ពួកគេតែម្តង៕