(បាត់ដំបង)៖ លោក ហែម ថេង ប្រធានក្រុមការងារចុះជួយឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង បានដឹកនាំក្រុមការងារ ចុះដោះស្រាយកង្វល់ និងសំណូមពររបស់ប្រជាពលដ្ឋ បានទាន់ពេលវេលា នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ ដោយបានបើក ការដ្ឋានសាងសង់ស្ពានដែក សហគមតូចៗចំនួន៣កន្លែង ជីកប្រឡាយ១ខ្សែ និងធ្វើផ្លូវគ្រួសក្រហម១ខ្សែ ប្រវែង១.៥០០ម៉ែត្រ ទុកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ជាប្រយោជន៍សាធារណៈ ក្នុងឃុំភ្នំសំពៅ ស្រុកបាណន់។
លោក ហែម ថេង បានថ្លែងថា យោងតាមការណែនាំ របស់លោក សុខ ផល ប្រធានក្រុមការងារចុះជួយ ស្រុកបាណន់ ជាប្រចាំ លោកបានដឹកនាំក្រុមការងារ ចុះបើកការដ្ឋានសាងសង់ស្ពាន សហគមក្នុងភូមិចំនួន៣កន្លែង មាន៖ ទី១-ក្នុងភូមិកំប៉ូវ សង់ស្ពានដែក ដែលមានទំហំបណ្តាយ១៨ម៉ែត្រ និងទទឹង៣ម៉ែត្រ ទី២-ភូមិក្តោង សង់ស្ពានដែកដែលមានទំហំបណ្តាយ១៨ម៉ែត្រ និងទទឹង៣ម៉ែត្រ ទី៣-ក្នុងភូមិក្រពើកើត ដែលមានទំហំបណ្តាយ១៨ម៉ែត្រ និងទទឹង៣ម៉ែត្រ ដូចគ្នា ដែលជាអំណោយថវិកា របស់លោក សុខ ផល ប្រធានក្រុមការងារចុះជួយស្រុកបាណន់។
លោក ហែម ថេង បានបញ្ជាក់ថា ឆ្លងតាមការធ្វើវេទិកាសាធារណៈ នៅក្នុងឃុំភ្នំសំពៅ ជាមួយប្រជាពលរដ្ឋ ដោយចង់បាន ចង់ដឹង និងសំណូមពររបស់ប្រជាពលរដ្ឋ កន្លងពេលថ្មីៗនេះរួចមក ក្រុមការងារថ្នាក់ជាតិ ក៏ដូចជាក្រុមការងារបក្សឃុំភ្នំសំពៅ ស្រុកបាណន់ និងដើម្បីឆ្លើយតបទៅនិងសំណូមពរ របស់ប្រជាពលរដ្ឋមូលដ្ឋាន យើងផងនោះលោកបានសម្រេចចិត្តជាមួយក្រុមការងារចុះជួយ ដោះស្រាយ ដោយបានធ្វើស្ពានដែកសហគម ក្នុងភូមិជូនពួកគាត់នាថ្ងៃនេះមានចំនួន៣កន្លែង។
នាឱកាសនោះក្រុមការងារក៏បានឆ្លើយតបនិងសំណូមពរ របស់ប្រជាពលរដ្ឋភ្លាមៗបន្ថែមទៀត ដោយបានសម្រេចតាមសំណើររបស់ ពួកគាត់ គឺជីកប្រឡាយរំដោះនិងបង្ហូតទឹកសម្រាប់ ធ្វើស្រែបានរាប់សិបហិកតា មានប្រវែង២.០០០ម៉ែត្រ និងធ្វើផ្លូវគ្រួសក្រហម១ខ្សែ មានប្រវែង១.៥០០ម៉ែត្រ ដោយបានធ្វើឆ្លងកាត់ដីចំនួន៣ភូមិ គឺមានភូមិសំណាញ់ ភូមិសំពៅកើត ភូមិក្តោង ឃុំភ្នំសំពៅ និងឃុំផ្សេងៗទៀត ក៏អាចឆ្លងកាត់បាន និងមានប្រជាពលរដ្ឋអាស្រ័យផលលើផ្លូវនេះ បានរាប់ពាន់គ្រួសារផងដែរ។
លោកប្រធានក្រុមការងារបានបញ្ជាក់ថា ស្ពានដែកសហគមតូចៗទាំងនេះ បានជួយសម្រួលដល់ប្រជាពលរដ្ឋ ដឹកកសិផលឆ្លងកាត់ បន្ថយពេលវេលាធ្វើដំណើរផ្លូវវាងយូរ ពីមុនលំបាក មកឥឡូវមកជាឆាប់រហ័សជាងមុន កាត់បន្ថយការលំបាកបានច្រើនធ្វើឲ្យ ប្រជាពលរដ្ឋមានការសប្បាយចិត្ត រីករាយទទួលយកដោយពេញចិត្តបំផុត។
លោកបានសំណូមពរថា ផ្លូវនេះក្រោយពីធ្វើហើយ យើងអាចប្រើបានត្រឹមតែខ្នាតគោយន្តចុះក្រោម គឺមិនឲ្យរថយន្តដឹកធ្ងន់ លើសពីនេះ ឆ្លងកាត់ទេ ដោយឲ្យប្រជាពលរថ្ឋជាម្ចាស់សមិទ្ធិផលនេះ ជួយថែរក្សាប្រើប្រាស់ឲ្យបានយូរអង្វែង ជាប្រយោជន៍ដល់បងប្អូនប្រចាំថ្ងៃ។
ប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមក្នុងពិធីបើកការដ្ឋានសាសង់ស្ពាននេះ បានធ្វើការថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ថ្នាក់ជាតិ ថ្នាក់ស្រុកបាណន់ ពិសេសក្រុមការងារចុះជួយឃុំភ្នំសំពៅ ដែលលោកតែងតែបានជួយដល់ប្រជាពលរដ្ឋ ជាប់ជានិច្ចរហូតមកដល់ បច្ចុប្បន្ន ហើយប្រជាពលរដ្ឋទាំងអស់ប្តេជ្ញាចិត្ត និងក៏មានការគាំទ្រគណបក្សផងដែរ គឺតាមរយៈការបោះឆ្នោតក្រុមប្រឹក្សា ឃុំសង្កាត់ និងបោះឆ្នោតតំណាងរាស្រ្ត ជូនគណបក្សប្រជាជនកម្ពុជា តែងទទួលបានជោគជ័យជាប់លំដាប់ថ្នាក់ ឈានមុខគេផងដែរ។
បន្ទាប់ពីសំណេះសំណាលក្នុងពិធីបើកការដ្ឋានសាងសង់ស្ពាននេះចប់ ក្រុមការងារបានអញ្ជើញចុះពិនិត្យ មើលការធ្វើរបងផ្ទះបាយ ក្នុងទីស្នាក់ការបក្សឃុំ សម្រាប់ទុកជូនក្រុមការងារយើង ស្នាក់អាស្រ័យនិងហូបបាយ រួមគ្នាប្រចាំថ្ងៃផង៕