(បាងកក)៖ វាគួរតែជាពេលវេលាដ៏មានសក្តានុពលបំផុតសម្រាប់វិស័យទេសចរណ៍ថៃ នៅអំឡុងពេល ប្រារព្ធទិវាបុណ្យម្តាយ នៅពេលមួយសប្តាហ៍នេះ ខណៈក្រុមគ្រួសាររាជវង្សជាអ្នកបង្កើតទិវានេះឡើង ប៉ុន្តែនៅពេលនេះ បណ្តាតំបន់ទេសចរណ៍ស្ថិតនៅភាគខាងត្បូង បានប្រែជាស្ងាត់ជ្រងុំ ក៏ព្រោះតែ ហាង និង ភោជនីយដ្ឋាននានាត្រូវបានបិទ ហើយតាមដងផ្លូវទាំង់ ឃើញមានសុទ្ធតែកងកម្លាំងរក្សាសន្តិសុខ ដែលបានប្រាប់ប្រជាជនខ្លួនឯង ឲ្យសម្ងំនៅក្នុងផ្ទះសិនទើបជារឿងប្រសើរបំផុត។ នេះបើតាមការផ្សាយ របស់ Channel News Asia នាព្រឹកថ្ងៃសៅរ៍ ទី១៣ ខែសីហា ឆ្នាំ២០១៦។
អំឡុងពេល ១២ម៉ោង កាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ទីក្រុង Hua Hin ដ៏ល្បីល្បាញរបស់ថៃ បានទទួលរងការបំផ្ទុះគ្រាប់បែក ដែលបានបណ្តាលឲ្យមនុស្ស ០២នាក់ស្លាប់ និង ២៤នាក់រងរបួស ខណៈដែលកាល ណោះមនុស្សម្នារាប់ពាន់នាក់ បានជួលសណ្ឋាគារស្នាក់នៅ និងកម្សាន្តតាមឆ្នេរសមុទ្រ អំឡុងការប្រារព្ធ ថ្ងៃចម្រើនព្រះជន្មាយុ ព្រះមហាក្សត្រីយ៍ថៃ ឬ ប្រជាជនថៃទាំងអស់ចាត់ទុកជា បុណ្យម្តាយដ៏សប្បាយរីករាយបំផុតនៅក្នុងសង្គមថៃនោះ។
អ្នកទេសចរបរទេសម្នាក់គឺលោក Tim Kelleher បាននិយាយថា «វាជាទីក្រុងខ្មោចហើយ ឥឡូវនេះ។ ជាធម្មតាវាជាកន្លែងដែលពេញនិយមខ្លាំងណាស់។» គ្រាន់តែទីក្រុង Hua Hin មួយប៉ុណ្ណោះ អ្នកទេសចរជាតិ និងអន្តរជាតិ ៣២លាននាក់ទៅហើយ បានមកទស្សនាកម្សាន្ត នារយៈពេល ៧ខែដើមឆ្នាំ ២០១៦ កន្លងទៅនេះ។ ហេតុដូច្នេះ អាជ្ញាធរថៃកំពុងតែដុតដៃដុតជើងយ៉ាងខ្លាំង ក្នុងការស្តារស្ថិរភាពឡើងវិញ ដើម្បីកុំឲ្យមានការប៉ះពាល់ខ្លាំងជាងនេះ ដល់វិស័យទេសចរណ៍ដែលអាច ជួយសេដ្ឋកិច្ចជាតិបាន ១០ភាគរយក្នុងមួយៗនោះ៕