(សៀមរាប)៖ នៅមុននេះបន្តិច លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានថ្លែងប្រាប់អង្គភាព Fresh News ថា ករណីបាត់ភ្ញៀវទេសចរណ៍ ជនជាតិបារាំងមួយគ្រួសារ០៤នាក់ និងមគ្គុទ្ទេសទេសចរណ៍ម្នាក់ ដែលទៅលេងនៅរមណីដ្ឋានក្បាលស្ពាន, ប្រហែលចំណាយពេលប្រមាណជាង១ម៉ោងទៀត ពួកគាត់ នឹងមកដល់កន្លែងសុវត្ថិភាពហើយ បន្ទាប់ពីបានរកឃើញ និងជួបពួកគាត់ដោយផ្ទាល់ហើយនៅក្នុងព្រៃភ្នំ។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក៏បានអញ្ជើញទៅកាន់ខេត្តសៀមរាបភ្លាមៗនៅព្រឹកថ្ងៃសៅរ៍នេះ ដើម្បីចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីស្វែងរកភ្ញៀវបរទេសនេះ។ ការស្វែងរកនេះ ក៏បានប្រើប្រាស់ឧទ្ធម្ភាគចក្រមួយគ្រឿង ហោះពីលើដើម្បីពិនិត្យមើលផងដែរ។
ការស្វែងរកឃើញពួកគាត់ បន្ទាប់ពីក្រុមការងារកំណត់បានទីតាំង តាមរយៈប្រព័ន្ធ GPS ទូរស័ព្ទ ដែលនៅលើភ្នំរហូតដល់ព្រំប្រទល់ស្រុកបន្ទាយស្រី និងស្រុកវ៉ារិន្ទ, កម្លាំងស្វែងរកដឹកនាំដោយអភិបាលរង, ស្នងការនគរបាល, បញ្ជាការមេបញ្ជាការអាវុធហត្ថ និងកម្លាំងយោធាផងដែរ ព្រមទាំងត្រៀមរថយន្តសង្គ្រោះបន្ទាន់ទៀតផង។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនជាតិបារាំងមួយគ្រួសារនោះមាន៤នាក់ (ឪពុក,ម្តាយ និងកូនស្រី២នាក់ អាយុខ្ទង១៦-២០ឆ្នាំ) ស្នាក់នៅសណ្ឋាគារ Please Villa ស្ថិតនៅកែងផ្លូវសុខសាន្ត ក្រុងសៀមរាប។ ភ្ញៀវទេសចរណ៍នោះជាភ្ញៀវធួរ តាមរយៈក្រុមហ៊ុន ឥណ្ឌូឆាយណា។
បើទោះបីជាយ៉ាងណារហូតមកដល់ម៉ោង ១១ថ្ងៃទី១៣ ខែសីហា នេះ ភ្ញៀវទេសចរ ដែលវង្វេងព្រៃ បានជួបជាមួយក្រុមអ្នកជួយសង្រ្គោះ និងទទួលបានទឹក ចំណីអាហារខ្លះផងដែរ ហើយ ក្រុមអ្នកជួយសង្រ្គោះកំពុងនាំពួកគេចុះពីលើភ្នំវិញ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក ថោង ខុន។
សូមជំរាបថា ព័ត៌មានពីសមត្ថកិច្ចសៀមរាប បានរៀបរាប់អំពីហេតុការណ៍ អំពីករណីបាត់វង្វេងភ្ញៀវទេសចរណ៍នេះថា៖
នៅម៉ោង០៧៖៣០នាទីព្រឹកថ្ងៃសុក្រ អ្នកបើករថយន្តឈ្មោះ ម៉ៅ សុភាព បានដឹកភ្ញៀវ និងមគ្គុទ្ទេសទៅទស្សនារមណីដ្ឋានក្បាលស្ពាន ទៅដល់ម៉ោង០៩៖០០នាទី ភ្ញៀវ និងមគ្គុទ្ទេសបានកម្មង់បាយម្ហូបទុក នៅជើងភ្នំ រួចហើយបានប្រាប់ថា យ៉ាងយូរម៉ោង១៣៖០០នាទីរសៀល និងចុះមកញាំបាយវិញ លុះដល់ម៉ោង១២៖០០នាទីមគ្គុទេស បានទូរស័ព្ទប្រាប់ថា វង្វេងផ្លូវហើយតៃកុងឡានបានឲ្យជួបនគរបាល ដែលប្រចាំការនៅខាងក្រោម និយាយបានបន្តិចក៏ដាច់ការទាក់ទង រហូតដល់ពេលនេះក៏នៅតែមិនឃើញ។ នៅពេលនេះទាំងនគរបាល និងឆ្មាំ កំពុងតែដើររក តែមិនទាន់មានដំណឹងនៅឡើយ៕