(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ជីវ កេង ត្រូវបាន ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានការតែងតាំង ជាប្រធានតុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជា តបតាមសំណើរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។

ឯកឧត្តម ជីវ កេង ត្រូវបានមហាជនស្គាល់ថា ជាឥស្សរជនមួយរូបដែលបានចូលប្រឡូកក្នុងវិស័យ ច្បាប់ និងបានចូលរួមចំណែកកសាងវិស័យយុត្តិធម៌ និងពង្រឹងឧត្តមភាពនៃប្រព័ន្ធតុលាការ នៅប្រទេសកម្ពុជាអស់រយៈពេលជាង ៤០ឆ្នាំ មកហើយ។

មុនពេលទទួលបានការតែងតាំងតួនាទីដ៏ឧត្តុង្គឧត្តម ជាប្រធានតុលាការកំពូលនេះ ឯកឧត្តម ជីវ កេង បានបំពេញ តួនាទីសំខាន់ៗក្នុងវិស័យយុត្តិធម៌ ប្រកបដោយជោគជ័យ និងស្នាដៃជាច្រើន រួមមាន តួនាទីជារដ្ឋអាជ្ញាស្តីទីអមតុលាការខេត្តកំពង់ធំពីឆ្នាំ១៩៨២ ដល់ឆ្នាំ១៩៨៦ ជាព្រះរាជអាជ្ញាអមតុលាការកំពូលពីឆ្នាំ១៩៨៦ ដល់ឆ្នាំ១៩៩៤ ជាចៅក្រមនៃតុលាការកំពូលពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០០៥ ជាប្រធានសាលាដំបូងរាជធានីភ្នំពេញ ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០១៤ និងជាអនុប្រធានតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា ពីឆ្នាំ២០១៤ ដល់ខែតុលា ឆ្នាំ២០២៣។

ដោយយោងលើសមត្ថភាព ស្នាដៃ និងគុណសម្បត្តិដឹកនាំការងារ ឯកឧត្តម ជីវ កេង ក៏ធ្លាប់ត្រូវបាន ព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានការតែងតាំងនូវតួនាទីភារកិច្ចសំខាន់ៗ បន្ថែមលើតួនាទីក្នុងអង្គចៅក្រមនាពេលកន្លងមក រួមមាន ជាសមាជិកក្រុមប្រឹក្សាកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជាសមាជិកក្រុមប្រឹក្សាភិបាលនៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ជាទីប្រឹក្សាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ ជាសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ជាប្រធានអង្គភាពអធិការកិច្ចក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងជាសហប្រធានក្រុមអធិការកិច្ចនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។

ចំពោះប្រវត្តិនៃការសិក្សាអប់រំវិញ ឯកឧត្តម ជីវ កេង បានទទួលសញ្ញាបត្របរិញ្ញាប័ត្រ ឯកទេសរដ្ឋបាល សាធារណៈ នៅឆ្នាំ២០០៦ បរិញ្ញាប័ត្រជាន់ខ្ពស់ឯកទេសរដ្ឋបាលសាធារណៈ នៅឆ្នាំ២០០៧ និងសញ្ញាបត្របណ្ឌិតឯកទេសនីតិសាស្ត្រ នៅឆ្នាំ២០១២។

ដោយផ្អែកលើសមត្ថភាព និងស្នាដៃក្នុងការបំពេញការងារនាពេលកន្លងមក ឯកឧត្តម ជីវ កេង បានទទួលនូវគ្រឿងឥស្សរិយយសជាច្រើន រួមមាន គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា នៅឆ្នាំ២០០៨ គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ នៅឆ្នាំ២០១០ គ្រឿងឥស្សរិយយស ជាតូបការ នៅឆ្នាំ២០១២ គ្រឿងឥស្សរិយយស សម្តេចមហាក្សត្រីយានី ព្រះស៊ីសុវត្ថិ មុនីវង្ស កុសុមៈ នារីរ័ត្ន ថ្នាក់មហាសេរីវឌ្ឍន៍ នៅឆ្នាំ២០១៤។

បន្ថែមលើការងារក្នុងវិស័យច្បាប់និងយុត្តិធម៌ ឯកឧត្តម ជីវ កេង ក៏បានចូលរួមយ៉ាងសកម្ម ក្នុងកិច្ចការសង្គម និងមនុស្សធម៌ជាច្រើន ដូចជា សកម្មភាពរបស់កាយរិទ្ធិជាតិកម្ពុជា សកម្មភាពរបស់កាកបាទក្រហមកម្ពុជា ការកសាងក្នុងវិស័យព្រះពុទ្ធសាសនា និងគំនិតផ្តួចផ្តើមមនុស្សធម៌ជាច្រើនទៀត សំដៅរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា៕