(ភ្នំពេញ)៖ ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះបានឱ្យដឹងថា គម្រោងថាមពលពន្លឺព្រះអាទិត្យ ដែលកម្ពុជាបានធ្វើជាមួយ ADB ជាគម្រោងមានតម្លៃទាបជាងគេបំផុតនៅក្នុងតំបន់ និងជាគំរូល្អសម្រាប់ប្រទេសដទៃទៀត។

លោក កែវ រតន: រដ្ឋមន្ត្រីនៃក្រសួងរ៉ែ និងថាមពល បានអញ្ជើញជួបជាមួយលោក Winfried F. Wicklein អគ្គនាយកធនាគារអភិវឌ្ឍន៍អាស៊ី​ ADB​ ដោយលោកបានគូសបញ្ជាក់អំពីការវាយតម្លៃថា គម្រោងថាមពលពន្លឺព្រះអាទិត្យ ដែលកម្ពុជាបានធ្វើជាមួយ ADB ជាគម្រោងមានតម្លៃទាបជាងគេបំផុត នៅក្នុងតំបន់​ និងជាគំរូល្អសម្រាប់ប្រទេសដទៃទៀតផងដែរ។

បន្ថែមពីនោះទៀត ADB ប្តេជ្ញាបន្តគាំទ្ររាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថា ភាពជាដៃគូរវាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងអគ្គិសនីកម្ពុជា (EDC) ដែលជាស្ថាប័នផ្គត់ផ្គង់ថាមពលអគ្គិសនីជាតិ ក្នុងការអភិវឌ្ឍឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យ ១00 មេហ្គាវ៉ាត់ (MW) បានឈានដល់ដំណាក់កាលដ៏សំខាន់មួយជាមួយ រោងចក្រផលិតថាមពលពន្លឺព្រះអាទិត្យ (PV) ៦០មេហ្គាវ៉ាត់ដំបូងរបស់ខ្លួន ដែលកំពុងតភ្ជាប់ទៅនឹងបណ្តាញអគ្គិសនីជាតិ។

គម្រោងឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យ បានបង្ហាញពីសក្តានុពលក្នុងការអភិវឌ្ឍថាមពល ពន្លឺព្រះអាទិត្យទ្រុងទ្រាយធំ ដោយប្រសិទ្ធភាពក្នុងប្រទេសកម្ពុជា តាមរយៈការប្រមូលធនធានពីវិស័យសាធារណៈផង និងឯកជនផង។ ក្នុងគម្រោងនេះ ការដេញថ្លៃដោយប្រកួតប្រជែងជាលក្ខណៈអន្តរជាតិ ត្រូវបានរៀបចំឡើង ដើម្បីដាក់ដេញថ្លៃគម្រោងផលិតថាមពលអគ្គិសនីទៅឱ្យវិស័យឯកជន ជាពីរដំណាក់ កាលគឺ ៦០ មេហ្គាវ៉ាត់ និង ៤០ មេហ្គាវ៉ាត់។

ដំណាក់កាលទី១ នៃការដេញថ្លៃ (សម្រាប់ ៦0 មេហ្គាវ៉ាត់ដំបូង) ត្រូវបានរៀបចំក្នុងឆ្នាំ២០១៩ និងបានទៅក្រុមហ៊ុន Prime Road Alternative។ ដំណើរការនេះមានតម្លៃទាបបំផុតសម្រាប់ ក្នុងចំណោមការតភ្ជាប់បណ្តាញថាមពលពន្លឺព្រះអាទិត្យនៅអាស៊ីអាគ្នេយ៍ គឺក្នុងតម្លៃ ០,០៣៩ ដុល្លារ ក្នុងមួយគីឡូវ៉ាត់ម៉ោង (kWh)។ ការផលិតថាមពលអគ្គិសនី ៤០ មេហ្គាវ៉ាត់ទៀត ត្រូវបានដេញថ្លៃនៅឆ្នាំ ២០២២ និងបានទៅក្រុមហ៊ុន Trina Solar Co. Ltd។ ដំណើរការនេះមានតម្លៃលទ្ធកម្មកាន់តែទាបគឺ០,០២៦ ដុល្លារក្នុងមួយគីឡូវ៉ាត់ម៉ោង៕