(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមការងារគណៈពង្រឹងស្រុកកោះធំ ព្រមទាំងថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមពិធីបុណ្យសព លោក ចាន់ ឧត្តម ជានិស្សិតនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម (ចំការដូង) ដែលបានទទួលមរណភាពកាលពីថ្ងៃសៅរ៍ ទី៧ ខែតុលា ឆ្នាំ២០២៣ ដោយសារការបាញ់ប្រហាររបស់ក្រុមហាម៉ាស់ នៅក្នុងប្រទេសអ៉ីស្រាអែល។

ស្ថិតក្នុងបរិយាកាសដ៏សែនក្រៀមក្រំនេះ លោកឧបនាយករដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការ និងបុគ្គលិកនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចូលរួមរំលែកមរណទុក្ខប្រកបដោយក្ដីសង្វេគ និងសោកស្ដាយអាឡោះអាល័យជាទីបំផុត ព្រោះថាការបាត់បង់លោក ចាន់ ឧត្តម គឺជាការបាត់បង់កូនប្រុស ចៅប្រុស និងប្អូនប្រុស ដែលប្រកបដោយកតញ្ញូតាធម៌ គុណធម៌ ចំពោះឪពុកម្ដាយ ជីដូន ជីតា និងបងប្រុសស្រីបង្កើតជាស្រឡាញ់ទាំងអស់។

មរណភាពរបស់និស្សិត ចាន់ ឧត្តម ក៏ជាការបាត់បង់ធនធានមនុស្សដ៏មានសក្តានុពលមួយរូប ដែលបាននិងកំពុងបំពេញបេសកកម្មសិក្សាបង្កើនកម្រិតសមត្ថភាព ដើម្បីយកមកបម្រើឧត្តមប្រយោជន៍ជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជនកម្ពុជា។

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធលោក ចាន់ ឧត្តម ឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា និស្សិត ចាន់ ឧត្តម មានស្រុកកំណើតនៅភូមិស្វាយតាមេឃ ឃុំកោះធំខ ស្រុកកោះធំ ខេត្តកណ្តាល។ ភូមិនេះ ក៏ជាភូមិកំណើតរបស់ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ផងដែរ៕