(ភ្នំពេញ)៖ មូលនិធិជាតិជំនួយសង្គមសម្រាប់មន្រ្តីរាជការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងបើកប្រាក់ប្រចាំខែតុលា ជូនអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក និងប្រាក់ឧបត្ថម្ភសម្រាប់បុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ ចាប់ពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣តទៅ តាមប្រព័ន្ធធនាគារកាណាឌីយ៉ា និងធនាគារអេស៊ីលីដា នៅ២៥រាជធានី-ខេត្ត ទូទាំងប្រទេស។

យោងតាមសេចក្តីជូនដំណឹងរបស់មូលនិធិជាតិជំនួយសង្គម ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា «ប្រាក់គោលនយោបាយរបបសន្តិសុខសង្គមប្រចាំខែតុលា ជូនអីតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក និងប្រាក់ឧបត្ថម្ភសម្រាប់បុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ នឹងធ្វើឡើងចាប់ពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣តទៅ»

ចំពោះការបើកប្រាក់ខាងលើនេះ ត្រូវយកភ្ជាប់មកជាមួយនូវសៀវភៅគណនី និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬកាត ATM ដើម្បីប្រើប្រាស់ បើកនៅតាមទូរ ATM របស់ធនាគារដៃគូខាងលើ នៅទូទាំងប្រទេស។

ក្នុងករណីមានបញ្ហាផ្សេងៗ សូមមេត្តាជូនដំណឹងមកមូលនិធិជាតិជំនួយសង្គម សម្រាប់មន្រ្តីរាជការស៊ីវិល តាមប្រព័ន្ធទូរស័ព្ទលេខ ០១៥ ២១៩ ៨៨៨ និង ០៩២ ២១៩ ៨៨៨៕