(ក្រចេះ)៖ លោក លី ផល្លា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ និងលោក វ៉ា ថន អភិបាលខេត្តក្រចេះនៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋដែលមានលទ្ធភាពស្ដារឡើងវិញ បន្ទាប់ពីរងការខូចខាតដោយទឹកជំនន់ ទន្លេមេគង្គ ចំនួន៣១១គ្រួសារ មកពីឃុំចំនួន៤ឃុំ នៅក្នុងស្រុកចិត្របុរី និងបាននាំយកពូជស្រូវរបស់រាជរដ្ឋាភិបាល ចំនួន៣១,១០០គីឡូក្រាម ចែកជូនដល់ពួកគាត់។

លោក វ៉ា ថន បាននាំនូវសេចក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសនៅរដូវទឹកជំនន់នេះ និងបានគិតគូរយកចិត្តទុកដាក់លើការងារបង្កបង្កើនផល ដំណាំកសិកម្មរបស់ពលរដ្ឋ ដោយរាជរដ្ឋាភិបាលបានផ្ដល់នូវពូជស្រូវ ដើម្បីស្តារឡើងវិញ ក្រោយប៉ះពាល់ពីទឹកជំនន់ និងក្រោយពីទឹកជំនន់បានស្រកចុះឲ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលាផងដែរ។

លោកគូសបញ្ជាក់ថា សម្រាប់ខេត្តក្រចេះ មានស្រុក/ក្រុងចំនួន៥ រងផលប៉ះពាល់ដោយសារទឹកជំនន់ទន្លេមេគង្គ រួមមាន ស្រុកឆ្លូង ចិត្របុរី ព្រែកប្រសព្វ សំបូរ និងក្រុងក្រចេះ មានចំនួនសរុប១,១៨៦គ្រួសារ ស្មើផ្ទៃដីដែលត្រូវស្ដារឡើងវិញចំនួន ៨៧៥(.៥ហិចតា ដោយតម្រូវការពូជស្រូវ ចំនួន១១៨.៦តោន។

ក្នុងឱកាសនោះ លោក លី ផល្លា បានជំរុញឲ្យប្រជាកសិករ ត្រូវពន្លឿនការងារបង្កបង្កើនផលស្រូវឡើងវិញ បន្ទាប់ពីទទួលបានពូជស្រូវពីរាជរដ្ឋាភិបាល និងណែនាំដល់ប្រជាពលរដ្ឋ សូមដាំដុះស្រូវឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ដាំដុះតាមបច្ចេកទេសកសិកម្មឲ្យបានល្អប្រសើរ ដោយមុននឹងយកទៅធ្វើការដាំដុះសូមយកគ្រាប់ពូជស្រូវទាំងអស់នោះ យកទៅត្រាំទឹកទុក១យប់ ចាំយកទៅដាំដុះសាបព្រួស ដើម្បីឲ្យគ្រាប់ស្រូវដុះចេញល្អ។

សូមបញ្ជាក់ថា សម្រាប់ខេត្តក្រចេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្ដល់នូវពូជស្រូវប្រមាណជា១១៨,៦០០គីឡូក្រាម ចែកជូនប្រជាកសិករចំនួន ១,១៨៦គ្រួសារ នៅទូទាំងខេត្តក្រចេះ ដែលទទួលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គ ដើម្បីមានលទ្ធភាពស្តារឡើងវិញផងដែរ។

ប្រជាពលរដ្ឋ បានសម្ដែងការសប្បាយចិត្តដោយក្តីគោរពអរគុណចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានផ្ដល់ជូនគ្រាប់ពូជស្រូវ ដល់ប្រជាកសិករ ដើម្បីមានលទ្ធភាពស្ដារឡើងវិញនៅពេលនេះ៕