(ព្រះសីហនុ)៖ លោក អ៉ី ធារិន អភិបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងមន្ត្រីចូលនិវត្តន៍ នៃរដ្ឋបាលស្រុកព្រៃនប់ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ព្រមទាំងលើកចិត្តដល់មន្ត្រីរាជការទាំងអស់ ឱ្យខិតខំបំពេញតួនាទីឱ្យបានល្អ។

ពិធីនេះមានការអញ្ជើញចូលរួមពីប្រធានក្រុមប្រឹក្សាស្រុក លោកស្រីអភិបាលរងស្រុក មន្ត្រីចូលនិវត្តន៍ មន្ត្រីតាមការិយាល័យ និងមន្ត្រីជំនាញជាច្រើនរូប នៅសាលប្រជុំសាលាស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ លោកអភិបាលស្រុកព្រៃនប់ បានសម្តែងនូវការលើទឹកចិត្តចំពោះបងប្អូនជាមន្ត្រីមិនថាជំនាន់មុន និងក្រោយដែលកន្លងមកខិតខំបំពេញតួនាទីការងារ បម្រើរសេវាសាធារណជូនពលរដ្ឋតាមជំនាញនីមួយៗ ប្រកបដោយតម្លាភាព មានក្រមសីលធម៌។

លោកបានបន្តថា ក្នុងនាមជាមន្ត្រីបម្រើសេវាសាធារណ ត្រូវចេះព្យាយាម តស៊ូ អត់ធ្មត់ជាមួយនឹងការងារ យកចិត្តទុកដាក់ឱ្យបានកាន់តែល្អជាមួយប្រជាពលរដ្ឋ ត្រូវកែរតម្រូវពីចំណុចខ្វះខាតពីគ្នាទៅវិញទៅមក ហាមមានការគំគួន ខឹងសម្បានឹងគ្នា លោកសង្កត់ធ្ងន់ថា ចាំបាច់ត្រូវតែសហការគ្នា ធ្វើការជាក្រុម សាមគ្គីរួបរួម រឹងមាំ។

ក្រៅពីការលើកទឹកចិត្ត លោកអភិបាលស្រុកព្រៃនប់ ក៏បានបង្ហាញប្រាប់ទៅកាន់មន្ត្រី ឱ្យយល់កាន់តែច្បាស់ពី «យុទ្ធសាស្តបញ្ចកោណ ដែលមាន៥ ចំណុចជាសំខាន់រួមមាន៖ កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និងចីរភាព» របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និង «យុទ្ធសាស្រ្តអាទិភាពទាំង៥: មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា»

ជាមួយគ្នានេះលោក អ៉ី ធារិន បានផ្តល់កិត្តិយសថតរូបទុកជាអនុស្សាវរីយ៍ ព្រមទាំងផ្តល់ជូននូវថវិកាមួយចំនួនដល់មន្ត្រីតាមជំនាញការិយាល័យនីមួយៗ ចំណែកមន្ត្រីចូលនិវត្ត ក៏បាននំម្នាក់១កេស និងថវិកាដូចគ្នា សម្រាប់ធ្វើបុណ្យជាមួយក្រុមគ្រួសារ ក្នុងឱកាសពីធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរផងដែរ៕