(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា ការប្រយុទ្ធគ្នារវាងកងកម្លាំងរបស់អ៉ីស្រាអែល និងក្រុមហាម៉ាស់ នឹងឆាប់បិទបញ្ចប់តាមរយៈកិច្ចចរចាគ្នា ជាជាងការប្រើប្រាស់អាវុធ។ សម្តេចធិបតី ក៏រំពឹងផងដែរថា កងកម្លាំងហាម៉ាស់ នឹងដោះលែងជនស៊ីវិល និងចំណាប់ខ្មាំងទាំងអស់ដោយសុវត្ថិភាព។
ក្តីសង្ឃឹមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងតាមរយៈសារសំឡេងពិសេសមួយ ផ្ញើជូនប្រជាពលរដ្ឋខ្មែរនាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ។ សារសំឡេងពិសេសនេះ ជាការបញ្ជាក់ពីកិច្ចកិច្ចអន្តរាគមន៍របស់រាជរដ្ឋាភិបាលចំពោះនិស្សិត និងពលរដ្ឋខ្មែរកំពុងរស់នៅប្រទេសអ៉ីស្រាអែល។
សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣កន្លងទៅនេះ ក្រុមហាម៉ាស់ បានលបបើកការវាយប្រហារចូលទឹកដីអ៉ីស្រាអែល បណ្តាលកងកម្លាំង និងជនស៊ីវិលរបស់អ៉ីស្រាអែលជាច្រើននាក់ បានស្លាប់។ ក្នុងនោះ មាននិស្សិតខ្មែរ និងប្រជាពលរដ្ឋប្រទេសដទៃកំពុងរស់នៅ និងធ្វើការនៅអ៉ីស្រាអែលបានស្លាប់ផងដែរ។
ក្រៅពីនោះ ជនជាតិអ៉ីស្រាអែល និងជនបរទេសជាច្រើននាក់ ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងផងដែរ៕