(កោះកុង)៖ លោក ម៉ក់ ណុច ប្រធានផ្សារដងទង់ ដែលប្រើអំពើហិង្សា យកដៃទៅប្របាច់ក និងទះកំភ្លៀង ទៅលើក្មេងស្រី២នាក់ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ ក្នុងចំណុចផ្សារដងទង់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនហើយ ដើម្បីធ្វើការសាកសួរជុំវិញករណី ប្រើអំពើហិង្សានេះ។ ការឃាត់ខ្លួនមកសួរនាំនេះ ធ្វើឡើងនៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦។
សមត្ថកិច្ចខេត្តកោះកុងបានឲ្យដឹងថា ជុំវិញការករណីផ្ទុះអំពើហិង្សាក្នុងផ្សារដងទង់នេះ ក្រោយពីទទួលបានព័ត៌មានសមត្ថកិច្ចដែល ប្រចាំការការពារសន្តិសុខផ្សារ សមត្ថកិច្ចក្រុងបានចុះទៅដល់ កន្លែងកើតហេតុភ្លាមៗផងដែរ តែត្រូវលោកប្រធានផ្សារ បានរំសាយក្រុម មនុស្សបាត់អស់ទៅហើយ។
ចំពោះករណីប្រើអំពើហិង្សានេះផងដែរ ប្រជាពលរដ្ឋខេត្តកោះកុង សំណូមពរឲ្យ ថ្នាក់ដឹកនាំគួរចាត់វិធានការណ៍ ចំពោះលោក ប្រធានផ្សារទៅតាមច្បាប់។
សូមជម្រាបថា នៅព្រឹកថ្ងៃទី១២ ខែសីហាម្សិលមិញ ក្មេងស្រីរងគ្រោះ ឡា ដា អាយុ១៣ឆ្នាំ ដែលត្រូវប្រធានផ្សារប្របាច់ក បាននិយាយថា នាងកំពុងអង្គុយជាមួយម្តាយ លក់ឥវ៉ាន់ធម្មតា ដូចសព្វមួយដង ស្រាប់តែប្រធានផ្សារ ដើរមកដល់តូបលក់ឥវ៉ាន់ ម្តាយនាង ហើយក៏យកឥវ៉ាន់របស់ម្តាយនាង ទៅចោលក្នុងធុងសំរាម ពេលនោះនាងក៏រត់យកមកវិញ ស្រាប់តែប្រធានផ្សារផ្ទុះកំហឹង មកច្របាច់កនាងចង់ដាច់ខ្យល់ស្លាប់ តែត្រូវបានបងស្រីនាងមកជួយ និងអ្នកលក់ដូរជិតខាងជួយទាន់ ទើបលោកប្រធានផ្សារ លែងដៃពីកនាងវិញ។
រីឯបងស្រីរបស់នាង ឈ្មោះ ម៉ាក់ ស្រីនាង ដែលត្រូវបក្ខពួកប្រធានផ្សារទះកំភ្លៀង បាននិយាយថា ដោយមើលឃើញនូវសកម្មភាព ប្រធានផ្សារប្របាច់កប្អូនចង់ដាច់ខ្យល់ នាងបានរត់ទៅជួយតែត្រូវ បក្ខពួកគាត់ (ប្រធានផ្សារ) ទះ១កំភ្លៀងទៀត។
ចំណែកម្ដាយក្មេងស្រីរងគ្រោះ បានឲ្យដឹងថា «ប្រធានផ្សារនឹងរករឿង ខ្ញុំជារៀងរាល់ថ្ងៃមិនដឹងមានគំនុំអ្វីជាមួយគាត់ និងប្អូនគាត់ទេ តែគ្រាន់តែដឹងថា ខ្ញុំដាក់លក់ចូលផ្លូវប្រហែល១តឹក ព្រោះឃើញគេដាក់លក់ដូចគ្នា សូម្បីតែខ្សែបក្ខពួកគាត់ (ប្រធានផ្សារ) ក៏លក់ចូល ចំណីផ្លូវដើរដែរ ចុះហេតុអីក៏គាត់មិនទៅរករឿងគេផង»។
ជាមួយគ្នានេះដែរ ជនរងគ្រោះសូមឲ្យថ្នាក់ដឹងនាំ មានវិធានការចំពោះប្រធានផ្សារដងទង់ផង កុំទុកឲ្យលោកប្រធានផ្សារនេះ ប្រើអំណាចលើអាជីវករខ្លាំងពេក។ ជុំវិញបញ្ហានេះដែរអាជីករលក់ដូរ ក្នុងផ្សារដងទង់ បាននិយាយថា «គ្មាននរណាម្នាក់ហ៊ាន ជាមួយគាត់ទេរាល់ថ្ងៃនេះ បើហ៊ានតវ៉ាច្បាស់ជារកកន្លែងលក់អត់មានឥឡូវ»៕