(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានទាញការចាប់អារម្មណ៍ថា ការប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងហាម៉ាស់ បានបង្ហាញឱ្យឃើញពីតម្លៃសុខសន្តិភាព ដែលត្រូវគ្នាថែរក្សា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវរួមគ្នាថែរក្សាឱ្យបាននូវសុខសន្តិភាព ហើយមិនត្រូវឱ្យភ្លើងសង្គ្រាមណាមួយកើតមាននៅកម្ពុជាជាដាច់ខាត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចបែបនេះ តាមរយៈសារសំឡេងពិសេសមួយ ផ្ញើជូនប្រជាពលរដ្ឋខ្មែរនាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ។ សារសំឡេងពិសេសនេះជាការបញ្ជាក់ពីកិច្ចកិច្ចអន្តរាគមន៍របស់រាជរដ្ឋាភិបាល ចំពោះនិស្សិតនិងពលរដ្ឋខ្មែរកំពុងរស់នៅប្រទេសអ៉ីស្រាអែល។
សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣កន្លងទៅនេះ ក្រុមហាម៉ាស់ បានលបបើកការវាយប្រហារចូលទឹកដីអ៉ីស្រាអែល បណ្តាលកងកម្លាំង និងជនស៊ីវិលរបស់អ៉ីស្រាអែលជាច្រើននាក់ បានស្លាប់។ ក្នុងនោះមាននិស្សិតខ្មែរ និងប្រជាពលរដ្ឋប្រទេសដទៃកំពុងរស់នៅ និងធ្វើការនៅអ៉ីស្រាអែលបានស្លាប់ផងដែរ។
ក្រៅពីនោះ ជនជាតិអ៉ីស្រាអែល និងជនបរទេសជាច្រើននាក់ ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងផងដែរ៕