(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសារសំឡេងថ្មីមួយទៀត បង្ហាញពីកិច្ចអន្តរាគមន៍ និងស្ថានភាពរបស់និស្សិត និងពលរដ្ឋខ្មែរនៅក្នុងប្រទេសអ៉ីស្រាអែល។ សម្តេចធិបតី ក៏បានលើកបង្ហាញពីការអះអាងរបស់រដ្ឋាភិបាលអ៉ីស្រាអែលមកបញ្ជាក់ផងដែរថា រដ្ឋាភិបាលអ៉ីស្រាអែល មានសមត្ថភាពគ្រប់គ្រាន់ក្នុងការធានាសុវត្ថិភាពជូនពលរដ្ឋខ្លួន និងជនបរទេសនៅលើទឹកដីរបស់ខ្លួន។
ក្នុងសារសំឡេងនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញសមានទុក្ខយ៉ាងក្រៀមក្រំចំពោះមរណភាពនិស្សិតខ្មែរមួយរូប ដែលបានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍វាយប្រហាររបស់កងកម្លាំងហាម៉ាស់លើទឹកដីអ៉ីស្រាអែល និងចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសព្វ។
បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បន្តយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុវត្ថិភាពនិស្សិត និងពលរដ្ឋខ្មែរនៅអ៉ីស្រាអេល។ មកដល់ព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជា កំណត់បានអត្តសញ្ញាណនិស្សិត និងពលរដ្ឋខ្មែរនៅក្នុងប្រទេសអ៉ីស្រាអែលអស់ហើយ គឺមានចំនួន ៤៥៤នាក់ ហើយបានទាក់ទងផ្ទាល់ជាមួយពួកគេទាំងអស់ផងដែរ។ ក្នុងចំណោមនិស្សិត និងពលរដ្ឋទាំងអស់នេះ មាន ៣២៣នាក់ បានចល័តដល់ទីតាំងសុវត្ថិភាព និង១៣១នាក់ នៅទីតាំងមានហានិភ័យ។
បើទោះបីជាយ៉ាងណា មន្ត្រីពាក់ព័ន្ធរបស់កម្ពុជា ព្យាយាមធ្វើការជាមួយអាជ្ញាធរអ៉ីស្រាអែល ដើម្បីជួយសង្គ្រោះ និងជម្លៀសអ្នកនៅតំបន់រងហានិភ័យនេះ ទៅកាន់តំបន់មានសុវត្ថិភាពឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន។
សម្តេចធិបតី បានអះអាងថា «រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា នឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់រហូតដល់ប្រជាពលរដ្ឋខ្មែរយើងនៅក្នុងទឹកដីអ៉ីស្រាអែលគ្រប់រូបបានដល់ទីសុវត្ថិភាពគ្រប់គ្នា»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តអំពាវនាវដល់និស្សិត និងពលរដ្ឋខ្មែរនៅអ៉ីស្រាអែល បន្តយកចិត្តទុកដាក់លើសុវត្ថិភាពរបស់ខ្លួន និងគោរពឱ្យបានម៉ឺងម៉ាត់រាល់ការណែនាំរបស់អាជ្ញាធរអ៉ីស្រាអែល និងសូមរក្សាភាពស្ងៀមស្ងាត់ និងជឿលើសមត្ថភាពរបស់អាជ្ញាធរអ៉ីស្រាអែល ដែលជាម្ចាស់ផ្ទះក្នុងការធានាសុវត្ថិភាព។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ឧបនាយករដ្ឋមន្ត្រីក្រសួងការបរទេស សហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មន្ត្រីស្ថាប័នសន្តិសុខជាតិ ស្ថានឯកអគ្គរដ្ឋទូតកម្ពុជា ប្រចាំនៅប្រទេសតួកគី អេហ្ស៉ីប និងមន្ត្រីកុងស៊ុលនៅអ៉ីស្រាអែល និងអ្នកពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់ជួយដល់ពលរដ្ឋនិស្សិត និងពលរដ្ឋខ្មែរនៅអ៉ីស្រាអែល៕