(បន្ទាយមានជ័យ)៖ លោក កែ គឹមយ៉ាន អ្នកតំណាងរាស្រ្ត ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ បានចុះពិនិត្យគម្រោងកសាងស្តារប្រឡាយរំដោះទឹកជំនន់នៅស្រុកមង្គលបុរី និងបន្តជួបសំណេះសំណាលប្រជាពលរដ្ឋនៅឃុំសឿ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

លោក កែ គឹមយ៉ាន បានពាំនាំការសួរសុខទុក្ខក្តីនឹករលឹកអរគុណកោតសសើរពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនចំពោះប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលបន្តរក្សាបានសុខសន្តិភាព និងអភិវឌ្ឍន៍មូលដ្ឋានបានរីកចម្រើន។

លោក កែ គឹមយ៉ាន បានបន្តថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គិតគូរឧត្តមប្រយោជន៍ប្រជាពលរដ្ឋជាធំ ដោយមិនទុកប្រជាពលរដ្ឋណាម្នាក់ជួបការលំបាកហើយមិនបានជួយនោះទេ និងបានអំពាវនាវប្រជាពលរដ្ឋទាំងអស់សូមបន្តចូលរួមថែរក្សាសន្តិភាព សុខភាព ហើយក្រុមការងារទាំងអស់គ្រប់ថ្នាក់ត្រូវត្រៀមលក្ខណៈប្រុងជើងការជួយរំដោះប្រជាពលរដ្ឋទៅទីទួលសុវត្ថិភាពក្នុងករណីទឹកជំនន់៕