(សៀមរាប)៖ អាជ្ញាធរខេត្តសៀមរាបបានបើកកិច្ចប្រជុំគណៈកម្មការបច្ចេកទេស ដើម្បីរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលនឹងប្រព្រឹត្តទៅនៅតាមបណ្តោយដងស្ទឹងសៀមរាប រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២៦-២៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

កិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ក្រោមការដឹកនាំប្រជុំដោយលោក សន សេរីវុទ្ធី នាយកទីចាត់ការធនធានមនុស្សនៃសាលាខេត្តសៀមរាប និងមានការចូលរួមពីលោក លោកស្រីមកពីមន្ទីរ អង្គភាព និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដែលជាសមាជិកគណៈកម្មការបច្ចេកទេសចូលរួមផងដែរ។

លោក សន សេរីវុទ្ធី បានលើកឡើងថា ក្នុងពិធីបុណ្យអុំទូកនេះដែរ ក៏មានរៀបចំនូវកម្មវិធីកម្សាន្តផ្សេងៗជូនដល់ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅខេត្ត ព្រមទាំងភ្ញៀវទេសចរបានទស្សនាកម្សាន្តអំពីវប្បធម៌ ប្រពៃណីរបស់ប្រជាពលរដ្ឋខែ្មរ។

លោក សន សេរីវុទ្ធី បានបន្តថា ការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែនេះ គឺធ្វើឡើងដើមី្បរំលឹក និងគោរពដល់វីរភាពនៃបុព្វបុរសទាហានជើងទឹកជំនាន់ដើម ដែលបានពលីជិវិតក្នុងការធ្វើសឹកសង្រ្គាមតាមផ្លូវទឹក ក្នុងការកម្ចាត់ពួកសត្រូវឈ្លានពាន ហើយទទួលបានជ័យជម្នះជូនជាតិមាតុភូមិ។

ការជួបជុំគ្នានាឱកាសនេះ ក៏ដើមី្បធ្វើការពិភាក្សាគ្នា ក្នុងជួរគណៈកម្មការបច្ចេកទេសរៀបចំការប្រកួតអុំទូក ដើមី្បធ្វើការរៀបចំក្រុងប្រវត្តិសាស្ត្រសៀមរាបឲ្យមានសោភ័ណភាពកាន់តែមានភាពស្រស់ត្រកាលឡើង ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែឆ្នាំ២០២៣នេះ ក្នុងការស្តារឡើងវិញលើវិស័យទេសចរណ៍ ដែលខេត្តសៀមរាប គឺជាក្រុងគោលដៅរបស់ភ្ញៀវទេសចរណ៍លើពិភពលោក ដែលមានការទាក់ទាញនូវភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលមកទស្សនាកម្សាន្តឲ្យកាត់តែច្រើន។

លោក សន សេរីវុទ្ធី បានលើកនូវចំណុចមួយចំនួនក្នុងព្រះរាជពិធីបុណ្យអុំទូក ដោយផ្តោតទៅលើបញ្ហាបច្ចេកទេសក្នុងផ្គូរផ្គងទូក ការចេញដំណើរពីដើមទីដល់ចុងទី និងត្រូវត្រួតពិនិត្យឲ្យបានល្អិតល្អន់ចំពោះក្រុមកីឡាករនិងកីឡាការិនីអំពីសុខភាព និងវិន័យក្នុងការប្រកួត ព្រមទាំងរក្សាឲ្យបានល្អសណ្តាប់ធ្នាប់ទូកមុនចូលការប្រកួតផង​ដែរ។

លោកក៏បានណែនាំមួយចំនួនដល់សមាជិកគណៈកម្មការបច្ចេកទេសទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើបច្ចេកទេស ដែលគណៈកម្មការមានបទពិសោធន៍ពីបណ្តាឆ្នាំមុនៗ ក្នុងគោលដៅលើកស្ទួយវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិ ហើយក៏ជាការផ្សព្វផ្សាយ ដើម្បីទាក់ទាញអារម្មណ៍ដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ចូលមកទស្សនាកម្សាន្តនូវសម្បត្តិវប្បធម៌ ដែលសម្បូរទៅដោយប្រាង្គប្រាសាទ រមណីយដ្ឋានធម្មជាតិនៅលើទឹកដីប្រវត្តិសាស្ត្រ ដែលជាទីក្រុងគោលដៅភ្ញៀវទេសចរនៅលើពិភពលោកផងដែរ៕