(ភ្នំពេញ)៖ តំណាងក្រុមហ៊ុន New Rich ដែលជាម្ចាស់ទីតាំងផ្សារទំនប់ ហៅផ្សារងិនអាន ស្ថិតនៅស្ថិតនៅផ្លូវលេខ៥៩៨ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ បានចេញមកច្រានចោលការចោទប្រកាន់របស់លោក អ៊ូ សេដ្ឋានូ ដែលជាអ្នកវិនិយោគផ្សារបច្ចុប្បន្ន ហើយសន្យាថា ក្រោយក្រុមហ៊ុនរបស់ខ្លួន ទទួលបានទីតាំងផ្សារមកវិញ នឹងបន្តអភិវឌ្ឍន៍ ហើយយកតម្លៃតូបលក់ដូរឲ្យបានសមរម្យ ជាទីបំផុត ស្របតាមកម្រិតជីវភាពរស់នៅរបស់បងប្អូន។

ជាមួយគ្នានេះតំណាងក្រុមហ៊ុន បានលើកហេតុផលថា លោក អ៊ូ សេដ្ឋានូ ដែលបានជួលទីតាំងផ្សារទំនប់ មករកស៉ីនោះគឺបានជំពាក់ ប្រាក់ជួលជាង៦ម៉ីនដុល្លារហើយមិនព្រមសង ទើបខាងក្រុមហ៊ុនទាមទារយក ដីផ្សារនេះវិញតែម្តង។

តំណាងក្រុមហ៊ុនដែលមានថៅកែជាជនជាតិកូរ៉េ បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦នេះថា យោងតាមកិច្ចសន្យារវាងភាគីទាំង២ កាលអំឡុងខែតុលា ឆ្នាំ២០១១ ដែលបានព្រមព្រៀងគ្នានោះ គឺតម្រូវឲ្យលោក អ៊ូ សេដ្ឋានូ បង់ថ្លៃជួលដី ចំនួន៨ពាន់ដុល្លារ ទៅឲ្យភាគីក្រុមហ៊ុន ប៉ុន្តែចាប់ពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១២ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២ លោក អ៊ូ សេដ្ឋានូ មិនបានបង់ថ្លៃជួលដីឡើយ រហូតជំពាក់ចំនួន៦៤០០០ដុល្លារទៀតផង។

តំណាងក្រុមហ៊ុនរូបនេះ បានបញ្ជាក់ទៀតថា លុះដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១២ លោក អ៊ូ សេដ្ឋានូ បានធ្វើលិខិតសំណូមពរទៅកាន់ ក្រុមហ៊ុនសុំបន្តជួលដី រយះពេលមួយឆ្នាំទៀត ពោលឲ្យបានដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ ព្រមទាំងសន្យាបង់ថ្លៃការជំពាក់ទាំង ៦៤០០០ដុល្លារនេះ ប៉ុន្តែរហូតមកដល់ពេលនេះ លោក អ៊ូ សេដ្ឋានូ មិនបានបង់ជូននោះឡើយ។

បើតាមតំណាងក្រុមហ៊ុនខាង បានលើកឡើងថា សម្រាប់ញត្តិដែលបង្ហាញពីឈ្មោះ និងស្នាមដៃអាជីវករនោះ បង្ហាញថាមិនមែនក្រុម អាជីវករទាំងអស់នោះឡើយ ហើយក៏ជាញត្តិចាស់ផងដែរ ខណៈក្រុមអាជីវករជាច្រើននាក់ សុំធ្វើការជាមួយក្រុមហ៊ុនផ្ទាល់គឺមាន ភាពងាយស្រួលជាង អ្នកជួលបន្ត។ ក្រុមហ៊ុនបានបង្ហាញការប្តេជ្ញាចិត្តថា នឹងបន្តអភិវឌ្ឍន៍ផ្សារមួយនេះ កាន់តែរីកចំរើនខ្លាំងឡើង ហើយយកតម្លៃតូបរបស់ អាជីវករសមរម្យ ដើម្បីចូលរួមលើកតម្កើបកម្រិតជីវភាពរបស់ពួកគេ។

យោងតាមលិខិតរបស់អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ បានប្រាប់ទៅនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ចូលរួមសហការចុះអនុវត្តដីកាសម្រេចការពារ របស់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦ យកទីតាំងខាងលើមកប្រគល់ឲ្យក្រុមហ៊ុន New Rich វិញ។

សូមបញ្ជាក់ថា នៅរសៀលថ្ងៃម្សិលមិញ អាជីវករផ្សារទំនប់ ហៅផ្សារ «ងិនអាន» ចំនួន៣៤៨នាក់ បានសុំកិច្ចអន្តរាគមន៍និងដង្ហោយរក ជំនួយពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីកុំឲ្យផ្សារនេះធ្វើការផ្លាស់ប្ដូរអ្នកវិនិយោគ ឬបិទផ្សារ ឬកែប្រែឡើយ។

ក្រុមអាជីវករទាំងអស់បានមើលឃើញថា តាមរយះការចុះសួរសុខទុក្ខ និងជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ ជាពិសេសក្រុមអាជីវករផ្សារ នៅតាមបណ្តាខេត្តនោះ សម្តេចបានផ្តល់ដំណោះស្រាយយ៉ាងល្អនោះ គឺអនុញ្ញាតឲ្យមានការលក់ដូរអស់មួយជីវិតនិងរាប់សិបឆ្នាំ ទៅមុខទៀត ដូច្នេះសម្រាប់ពួកគាត់ដែលអាស្រ័យផល ដោយរបរមួយនេះនៅក្នុងផ្សារទំនប់ ក៏សុំឲ្យសម្តេចជួយផង។

បើយោងតាមញាតិ្ដរបស់ក្រុមអាជីវករ ដែលបានដាក់ជូនសម្ដេចតេជោ ហើយអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា «ផ្សារទំនប់នេះត្រូវបានវិនិយោគដោយលោក អ៊ូ សេដ្ឋានូ និងអ្នកស្រី ជុំ ពន្លឺ ជួលនៅទីតាំងនេះ បន្ដពីក្រុមហ៊ុនរបស់សាធារណៈរដ្ឋកូរ៉េឈ្មោះ NEW RICH Co,Ltd និងបានរៀបចំស្ថាបនាផ្សារនេះតាំងពីឆ្នាំ២០១៣មកម្ល៉េះប្រកបដោយ សោភ័ណ្ឌភាព សណ្ដាប់ធ្នាប់ សន្ដិសុខ អនាម័យល្អ និងសេវាឈ្នួលតូបមានតម្លៃសមរម្យ ធ្វើឲ្យពួកគាត់មានមុខរបរទ្រទ្រង់ជីវភាព ប្រចាំថ្ងៃ»។

ក្នុងញាត្តិដដែលបានបន្ថែមថា «ក្នុងពេលថ្មីៗនេះក្រុមហ៊ុន NEW RICH Co,Ltd បានចេញសេចក្ដីជូនដំណឹង បញ្ឈប់កិច្ចសន្យាជួលផ្សារ នេះបន្ដទៀតហើយ ពួកខ្ញុំមានការព្រួយបារម្មណ៍ណាស់ ក្នុងការបាត់បង់មុខរបរ ហើយពួកខ្ញុំបានសំណូមពរយ៉ាងទទូចដល់ក្រុមហ៊ុន សូមបន្ដកិច្ចសន្យាជួលទីតាំងខាងលើ និងគាំទ្រលើកទឹកចិត្តលោក អ៊ូ សេដ្ឋានូ សូមបន្ដវិនិយោគផ្សារនេះ ឲ្យរយៈពេលវែងយ៉ាងតិច ១០ឆ្នាំ»៕