(ក្រចេះ)៖ កម្លាំងនគរបាលស្រុកស្នួល និងកម្លាំងនគរបាលអន្តរាគមន៍ជាច្រើននាក់ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ត្រី លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ បង្រ្កាបមុខសញ្ញាមេក្លោង ជួញដូរគ្រឿងញៀនបានពីរនាក់ ក្នុងនោះ មានម្នាក់ជាស្រ្តីជនជាតិវៀតណាម និងដកហូតបានគ្រឿងញៀនចំនួន៣៥កញ្ចប់តូច-ធំ និងមធ្យម។
អធិការនគរបាលស្រុកស្នួលលោកវរសេនីយ៍ទោ ចាន់ សុគីម បានឲ្យដឹងថា បន្ទាប់ពីមានការចុះស្រាវជ្រាវ និងកំណត់លើមុខសញ្ញា ជនសង្ស័យច្បាស់ កម្លាំងនគរបាលក្រោមការ ដឹកនាំពីសំណាក់លោកឧត្តមសេនីយ៍ត្រី លន់ សុផាត នៅព្រលប់ថ្ងៃទី១២ សីហាបានបើក ប្រតិបត្តិការបង្រ្កាបលើមុខសញ្ញាជនសង្ស័យបានម្នាក់ឈ្មោះ ស៊ុន ពណ្ណារ៉ា ហៅរ៉ា អាយុ៣២ឆ្នាំ ជាមុសញ្ញាជួញដូរ គ្រឿងញៀន រស់នៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល។
ក្រោយការចាប់ខ្លួនកម្លាំងនគរបាលបានឆែកឆេររកឃើញគ្រឿងញៀនប្រភេទម៉ាទឹកកកបានចំនួន៦កញ្ចប់ មាន១កញ្ចប់ធំ ២កញ្ចប់ មធ្យមនិង២កញ្ចប់តូច។
លោកវរសេនីយ៍ទោ ចាន់ សុគីម បានបញ្ជាក់ឲ្យ ដឹងទៀតថា ក្រោយពីនគរបាលបានឃាត់ខ្លួនជនសង្ស័យរូបនេះមកសាកសួរ កម្លាំងនគរបាលក្រោមការសម្របសម្រួល ពីស្ថាប័នអយ្យការ ក៏ឈានទៅឃាត់ខ្លួនបន្តលើស្រ្តីជនជាតិវៀតណាមម្នាក់ទៀតឈ្មោះ ង្វៀង ធីវៀង អាយុ២៧ឆ្នាំ នៅនិងលំនៅឋានក្នុង ឃុំស្នួល ស្រុកស្នួល និងបានឆែក ឆេររកឃើញគ្រឿងញៀនប្រភេទម៉ាទឹកក២៩កញ្ចប់ ក្នុងនោះមាន៣កញ្ចប់ធំ ២កញ្ចប់មធ្យម ២២កញ្ចប់តូច និងថ្នាំញៀនគ្រាប់ចំនួន៣គ្រាប់ ព្រមទាំងសម្ភារសម្រាប់ម្រើឲ្យការជួញដូរ បានមួយ ចំនួនធំ។
លោកវរសេនីយ៍ទោ ចាន់ សុគីម បានបញ្ជាក់ថា អនុវត្តទៅតាមទិសដៅផែនការសកម្មភាពរបស់លោកឧត្តមសេនីយ៍ត្រី លន់ សុផាត លើការចាត់វិធានការរឹតបន្តឹង និងស្រាវជ្រាវបង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀន ក្នុងមូលដ្ឋាននោះ កម្លាំងនគរបាលស្រុកបានបន្ត សហការជាមួយនិងអាជ្ញាធរមូលដ្ឋានកំណត់ លើមុខសញ្ញានិងឈានឲ្យមានការចុះចាប់បង្រ្កាបបានជាបន្តបន្ទាប់នៅស្រុកស្នួល ក្នុង លក្ខណះទ្រង់ទ្រាយតូច ធំ។
រាប់ទាំងករណីមួយនេះ ជាករណីលលើកទី៦ ហើយ ដែលកម្លាំង នគរបាលស្រុកបើកយុទ្ឋនាការចាប់បង្រ្កាបករណីជួញដូរ គ្រឿងញៀននៅ ក្នុងស្រុកស្នួល ក្នុងរូបភាព តូចធំ។
លោកអធិការបានឲ្យដឹងទៀតថា ជនសង្ស័យលើករណីជួញដូរគ្រឿងញៀន ទាំងពីរនាក់ ដែលទើបតែបង្រ្កាបបាន គឺនគរបាលជំនាញ ស្រុកកំពុងតែសាកសួរ និងមាន វិធានការកសាងសំណុំរឿង ព្រមទាំងវត្ថុតាងគឿងញៀនដែលបានចាប់រឹបអូសបញ្ជូនទៅស្នងការដ្ឋាន ដើម្បីមានចំណាត់ការបន្ត៕