(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ បានសម្ដែងជាសាធារណៈនូវការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារនិស្សិតខ្មែរម្នាក់ ដែលបានស្លាប់ក្នុងហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៉ីស្រាអែល និងកងទ័ពហាម៉ាស់។
សាររំលែកទុក្ខជាសាធារណៈរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនៃយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «តាងនាមឲ្យរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយគ្រួសារសពនិស្សិតខ្មែរយេីងម្នាកឈ្មោះ ចាន់ ឧត្តម ដែលបានបាត់បង់ជីវិតនៅក្នុងហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៉ីស្រាអែល និងក័ងទ័ពហាម៉ាស់ ដែលបានចាប់ផ្ដេីមកាលពីថ្ងៃទី០៧ ខែតុលាកន្លងមកនេះ»។
ក្រៅពីការចូលរួមរំលែកទុក្ខចំពោះអ្នកដែលបាត់បង់ជីវិត សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសប្រាប់ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាថា សុខសុវត្ថិភាពរបស់និស្សិត និងប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងសិក្សានៅប្រទេសអ៉ីស្រាអែល គឺជាកិច្ចការអាទិភាពដ៏ធំបំផុត សម្រាប់រាជរដ្ឋាភិបាលកម្ពុជា។
បើតាមប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្ដ្រី, រហូតមកទល់ពេលនេះ និស្សិត និងប្រជាពលរដ្ឋខ្មែរទាំងអស់នៅក្នុងប្រទេសអ៉ីស្រាអែល មានសុវត្ថិភាពទាំងអស់គ្នា ក្រោមការសម្របសម្រួលដោយយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងកសិកម្ម ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំធ្វើការជាប់ជាប្រចាំទាំងយប់ ទាំងថ្ងៃ ដើម្បីធានា និងសហការជាមួយអាជ្ញាធរអ៉ីស្រាអែល ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ និងនិស្សិតខ្មែរ ដែលកំពុងរស់នៅ និងសិក្សានៅទីនោះទទួលបានការការពារ និងមានសុវត្ថិភាពខ្ពស់។
គិតមកព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ មន្ត្រីពាក់ព័ន្ធរបស់កម្ពុជា បានក្តាប់នូវព័ត៌មាន ទីតាំងស្នាក់នៅ សាលារៀន ព្រមទាំងចំនួនជាក់លាក់គឺមានចំនួន ៤៥៤នាក់ ក្នុងនោះបានជម្លៀសចេញ ៣២៣នាក់ ទៅកាន់កន្លែងមានសុវត្ថិភាព និងមានចំនួន១៣១នាក់ទៀត កំពុងនៅក្នុងតំបន់មានហានិភ័យនៅឡើយ។ ប៉ុន្តែ ករណីនេះមន្ត្រីកម្ពុជា បាននឹងបន្តសហការជាមួយអាជ្ញាធរអ៉ីស្រាអែល ដើម្បីធ្វើយ៉ាងណាជម្លៀសពួកគាត់មកកាន់កន្លែងមានសុវត្ថិភាព។ នេះបើតាមអ្វីដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់។
សូមរំលឹកថា និស្សិតម្នាក់ឈ្មោះ ចាន់ ឧត្តម បានទទួលមរណភាពកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយទទួលរងគ្រោះពីការប្រយុទ្ធគ្នាដោយអាវុធរវាងកងទ័ពអ៉ីស្រាអែល និងក្រុមហាម៉ាស់។ ក្រៅពីនោះ អ្នកផ្សេងទៀតសុទ្ធតែមានសុវត្ថិភាពទាំងអស់៕