(ចិត្របុរី-ក្រចេះ)៖ លោកទេសរដ្ឋមន្រ្តី ព្រុំ សុខា រួមជាមួយលោ វ៉ា ថន អភិបាលខេត្តក្រចេះ និងក្រុមការងារខេត្តក្រចេះ នៅពេលថ្មីៗនេះ បានចុះទៅពិនិត្យមើលវឌ្ឍនភាពនៃដំណើរការសាងសង់អគារសិក្សាមួយខ្នងមាន៥បន្ទប់ នៅក្នុងសាលាបឋមសិក្សាភូមិល្អ ស្ថិតនៅភូមិល្អ ឃុំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ។

នៅពេលចុះត្រួតពិនិត្យក្រុមការងារបានសង្កេតឃើញថា អគារសិក្សាដែលកំពុងដំណើរការសាងសង់សម្រេចបានជាលទ្ធផលប្រមាណ៣០ភាគរយហើយមកដល់ពេលនេះ។

ក្នុងឱកាសនោះលោកទេសរដ្ឋមន្រ្តី បានថ្លែងគូសបញ្ជាក់ថា នៅក្នុងអំឡុងពេលនៃយុទ្ធនាការឃោសនាបោះឆ្នោតកាលពីខែកក្តដា ឆ្នាំ២០២៣នេះ រូបលោកទេសរដ្ឋមន្រ្តី និងក្រុមការងារខេត្តក្រចេះដែលធ្លាប់បានសន្យាជាមួយប្រជាពលរដ្ឋនៅតំបន់ក្រីក្រមួយនេះបានរួមគ្នាផ្តួចផ្តើមរៀបចំពិធីបុណ្យផ្ការស្មីសាមគ្គីមួយ ដែលកៀងគរប្រមូលបច្ច័យដោយសទ្ធាជ្រះថ្លាបានចំនួនប្រាំបីម៉ឺនប្រាំពាន់ដុល្លារអាមេរិកគ្រប់គ្រាន់សម្រាប់ការកសាងអគារសាលាមួយខ្នងទំហំ១០ម៉ែត្រ x ៤០ម៉ែត្រ មាន៥បន្ទប់។

ការរួមចំណែកជួយកសាងអគារសិក្សានេះឡើង គឺសំដៅបំពេញភាពខ្វះខាតអគារសិក្សាសម្រាប់សិស្សានុសិស្សនៅតំបន់ដាច់ស្រយាលមួយនេះ ក្រោយពេលលោក ព្រុំ សុខា ដែលជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណ:និងក្រុមការងារបានមកដល់ទីនេះនៅចុងឆ្នាំ២០២០ហើយពេលនោះភូមិល្អនេះក៏នៅមិនទាន់បានរៀបចំបង្កើតជាភូមិផ្លូវការសម្រាប់ការគ្រប់គ្រងរដ្ឋបាលនៅឡើយដែរ។

ពាក់ព័ន្ធនិងសាងសង់អគារសិក្សានេះ លោកទេសរដ្ឋមន្រ្តីបានជម្រុញដល់ក្រុមជាង ដែលកំពុងតែធ្វើការសាងសង់អគារសិក្សានេះទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការសាងសង់ដោយការទទួលខុសត្រូវខ្ពស់ ទាំងបទដ្ឋានបច្ចេកទេស ទាំងគុណភាពល្អ និងរឹងមាំ តាមកម្រិតស្តង់ដារបច្ចេកទេសឲ្យបានត្រឹមត្រូវ មុននិងឈានដល់ការសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃខាងមុខ។

សូមជម្រាបថាអគារសិក្សាមួយខ្នងនៅភូមិល្អនេះ បានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ពីខែកក្តដា ដោយប្រើរយៈពេលកសាង៦ខែ ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅខែកុម្ភៈឆ្នាំ២០២៤ខាងមុខ ហើយការសាងសង់គឺអនុលោមតាមស្តង់ដាវិទ្យាល័យព្រះស៊ីសុវត្ថិរាជធានីភ្នំពេញដែលត្រូវចំណាយទឹកប្រាក់សម្រាប់ ការសាងសង់សរុបចំនួនប្រាំបីម៉ឺនប្រាំពាន់ដុល្លារអាមេរិក។

ក្នុងដំណើរចុះពិនិត្យការសាងសង់អគាសិក្សានៅសាលាបឋមសិក្សាភូមិល្អនេះ លោកទេសរដ្ឋមន្រ្តី ព្រុំ សុខា ក៏បាននាំយកទេយ្យទាន និងបច្ច័យប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តសិរីមង្គល ហៅវត្តល្អ ក្នុងពិធីកាន់បិណ្ឌជាមួយបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយដែលបានអញ្ជើញមកក្នុងពិធីបុណ្យនៅពេលនោះដែរ។

បន្ទាប់ពីការពិនិត្យអគារសិក្សានិងចូលរួមកាន់បិណ្ឌរួចមកលោកទេសរដ្ឋមន្រ្តីបានអញ្ជើញទៅសាកសួរសុខទុក្ខ និងផ្តល់អំណោយជូនអ្នកគ្រូ ផុន ដាណែត   គ្រូបង្រៀននៅសាលាបឋមសិក្សាល្អសម្រាលបានកូនភ្លោះដែលពេលនេះកូនភ្លោះទាំងពីរនាក់កំពុងសម្រាកព្យាបាលជម្ងឺជាទម្ងន់នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះផងដែរ៕