(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ បានលើកឡើងថា ទាំងសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ សុទ្ធតែជាប្រជាពលរដ្ឋខ្មែរ ដែលទាមទារឲ្យរាជរដ្ឋាភិបាល យកចិត្តទុកដាក់ខ្ពស់ ដើម្បីជួយដល់ពួកគាត់គ្រប់ៗគ្នា។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ នៃយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨។ កម្មវិធីនេះ បានរៀបចំធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ពាក់ព័ន្ធនឹងកិច្ចការងារក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ [...] នៅក្នុងប្រព័ន្ធនិយមន័យសេដ្ឋកិច្ច គឺមានភាពលក្ខណៈវិនិច្ឆ័យខុសគ្នាខ្លះ ប៉ុន្ដែអ្វីដែលដូចគ្នា គឺទាំងក្រៅប្រព័ន្ធ-ទាំងក្នុងប្រព័ន្ធ សុទ្ធតែជាប្រជាពលរដ្ឋខ្មែរ ដែលយើងមានកាតព្វកិច្ច ត្រូវខិតខំយកអស់កម្លាំងកាយចិត្ដ ដើម្បីជួយដល់គាត់គ្រប់គ្នា នេះជាគោលដៅធំ របស់រាជរដ្ឋាភិបាល»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រជាពលរដ្ឋនៅក្រៅប្រព័ន្ធ ពិតណាស់លទ្ធភាពរបស់គាត់ អាចរករបរប្រក​បជីវិតតូចតាច ប៉ុន្ដែគាត់ក៏ជាកម្លាំងចលករមួយធំ សម្រាប់សេដ្ឋកិច្ចជាតិ។ សម្ដេចថា នៅទូទាំងពិភពលោក ជាង៧០ភាគរយ ​នៃការបង្កើតការងារ គឺនៅក្រៅប្រព័ន្ធ ហើយនៅកម្ពុជា ក៏ដូចគ្នាទំហំនៃការគិតគូរនេះ គឺសំខាន់។

បន្ថែមពីនោះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នៅក្នុងការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមបទពិសោធន៍របស់រាជរដ្ឋាភិបាល ប្រជាពលរដ្ឋនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានលក្ខណៈតូចតាចនេះ គឺជាប្រជាជនងាយរងគ្រោះបំផុត នៅក្នុងការប៉ះពាល់ ដោយបញ្ហាសេដ្ឋកិច្ច និងបញ្ហាវិបត្ដិផ្សេងៗ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ជាក់ស្ដែង នៅជំនាន់កូវីដ-១៩ យើងបានឃើញថា ប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋ ដែលមានជីវភាពតូចតាច ជាពិសេសប្រជាពលរដ្ឋ នៅក្រៅប្រព័ន្ធ គឺងាយស្រួលណាស់ នៅក្នុងការរងគ្រោះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ដទៀតថា គោលការណ៍អាទិភាព របស់រាជរដ្ឋាភិបាល តាំងពីអាណត្ដិទី៦ និងអាណត្ដិមុនៗ ហើយអាណត្ដិទី៧នេះ គឺជាគោលដៅអាទិភាព សម្រាប់រាជរដ្ឋាភិបាល នៅក្នុងការចាត់ចែងនូវវិធានការផ្សេងៗជាបន្ទាន់ ដើម្បីជួយឲ្យបាន គឺបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ និងលំបាក ដែលនេះ ជាគោលការណ៍សំខាន់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងផងដែរថា ជាបទពិសោធន៍កន្លងទៅ សេដ្ឋកិច្ចក្រៅប្រព័ន្ធ បញ្ហាដោយសារការគ្រប់គ្រងព័ត៌មានមិនច្បាស់ ដូច្នេះក៏មានការលំបាក នៅក្នុងការជួយ ដល់បងប្អូនប្រជាពលរដ្ឋ។ សម្ដេចបន្ដថា ការគ្រប់គ្រងព័ត៌មាននេះ ដើម្បីកំណត់អត្ដសញ្ញាណឲ្យបានថា បងប្អូនប្រជាពលរដ្ឋនៅទីណា និងអ្នកណាខ្លះ ដើម្បីងាយស្រួយជួយ។

សូមជម្រាបថា «សេដ្ឋកិច្ចក្រៅប្រព័ន្ធ» មានន័យថា ប្រព័ន្ធនៃការធ្វើពាណិជ្ជកម្ម ឬការដោះដូរទំនិញ និងសេវា ដែលច្បាប់មិនតម្រូវឲ្យចុះបញ្ចី។ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្តល់នូវការបង្កើតមុខរបរការងារធ្វើ និងប្រាក់ចំណូល ប៉ុន្តែអាចបង្កឲ្យមានផលវិបាក ក្នុងការគ្រប់គ្រងបរិស្ថាន សុវត្ថិភាព ចំណី អាហារ ការប្រមូលពន្ធជាដើម៕