(តៃប៉ិ)៖ មេដឹកនាំកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen បាននិយាយនៅថ្ងៃអង្គារ ទី១០ ខែតុលានេះថាតៃវ៉ាន់ចង់បានការរួមរស់នៅដោយសន្តិភាព ជាមួយចិន ដោយសេរី និងមិនមានការរឹតត្បិតលើទំនាក់ទំនងរវាងប្រជាជនត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់នោះឡើយ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោកស្រី Tsai Ing-wen ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងសុន្ទរកថានាឱកាសប្រារព្ធបុណ្យជាតិ។ លោកស្រី Tsai បានគូសបញ្ជាក់ដូច្នេះថា «យើង មានបំណងប្រកាន់ភ្ជាប់នូវការឯកច្ឆន្ទរបស់ប្រជាជនតៃវ៉ាន់ជាមូលដ្ឋាន អមជាមួយលក្ខខណ្ឌនៃភាពថ្លៃថ្នូរ និងផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ជាមួយកិច្ចសន្ទនាបែបប្រជាធិបតេយ្យ ដើម្បីអភិវឌ្ឍជាមួយអាជ្ញាធរទីក្រុងប៉េកាំង នូវមូលដ្ឋានគ្រឹះអាចទទួលយកបានទៅវិញទៅមក សម្រាប់អន្តរទំនាក់ទំនង និងជំហានឆ្ពោះទៅរកការរួមរស់នៅជាមួយគ្នាដោយសន្តិភាព»

គួរបញ្ជាក់ថា ចិន តែងតែអះអាងជារឿយៗថាកោះតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយក៏បានព្រមានដែរថានឹងប្រើប្រាស់កម្លាំងយោធាដើម្បី បង្រួបបង្រួមជាតិ នៅក្នុងករណីចាំបាច់៕

រូបភាពពី Reuters និង Xinhua