(សៀមរាប)៖ លោក ឯក វណ្ណឌី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាប្រៃសណីយ៍ពិភពលោក ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមគ្នាដើម្បីការជឿទុកចិត្ត (Together for Trust)» ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍គ្រប់ខេត្ត និងក្រុមហ៊ុនប្រតិបត្តិករប្រៃសណីយ៍ សាធារណជន និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

នៅក្នុងឱកាសនោះ លោករដ្ឋលេខាធិការ បានមានប្រសាសន៍ថា ការធ្វើទំនើបកម្ម និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល វិស័យប្រៃសណីយ៍ ត្រូវចូលរួមអនុវត្តឱ្យបានពេញលេញ រួមចំណែកទ្រទ្រង់ការអភិវឌ្ឍពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក និងគាំទ្រដល់ពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។

លោករដ្ឋលេខាធិការបានបន្ថែមថា ការរៀបចំពិធីអបអរសាទរទិវាប្រៃសណីយ៍ពិភពលោកថ្ងៃនេះ គឺដើម្បីរំលឹកខួបទី១៤៩ នៃថ្ងៃបង្កើតសហភាពប្រៃសណីយ៍សកល (UPU) នាថ្ងៃទី៩ ខែតុលា ឆ្នាំ១៨៧៤ និងឆ្លុះបញ្ចាំងពីតួនាទីសំខាន់របស់សេវាប្រៃសណីយ៍ ចូលរួមបម្រើប្រជាជន សេដ្ឋកិច្ចសង្គមនៅទូទាំងពិភពលោក។

សម្រាប់ឆ្នាំ២០២៣ នេះ UPU បានដាក់ចេញនូវប្រធានបទ «រួមគ្នាដើម្បីការជឿទុកចិត្ត (Together for Trust)» ដែលមានអត្ថន័យជំរុញឱ្យប្រតិបត្តិករប្រៃសណីយ៍ និងភាគីពាក់ព័ន្ធនឹងវិស័យប្រៃសណីយ៍រួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីបង្កើនការជឿទុកចិត្តក្នុងវិស័យប្រៃសណីយ៍។

ដើម្បីចូលរួមអបអរសាទរទិវាប្រៃសណីយ៍ពិភពលោកនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំក្បួនដង្ហែរយានយន្តរបស់ប្រតិបត្តិករប្រៃសណីយ៍ ដើម្បីបញ្ជ្រាបការយល់ដឹងដល់សាធារណជន លើវិស័យប្រៃសណីយ៍ និងកម្មវិធីជិះកង់សាមគ្គី ដើម្បីប្រៃសណីយ៍ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ មន្ត្រីរាជការ និយោជក និងនិយោជិត នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រៃសណីយ៍កម្ពុជា ក្រុមហ៊ុនបម្រើសេវាបញ្ញើឆាប់រហ័ស ក្រុមហ៊ុនដឹកបញ្ញើគោលដៅចុងក្រោយ នៅខេត្តសៀមរាបផងដែរ៕