(កំពង់ធំ)៖ នៅរសៀលថ្ងៃចន្ទ ១០ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកំពង់ធំ បានចូលរួមពិធីកាន់បិណ្ឌ វេនទី១០ នៅវត្តសីតធម្មោពោធិមង្គល (វត្តពោធិ៍បាក់ក) ស្ថិតនៅសង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន។

ក្នុងពិធីបុណ្យកាន់បិណ្ឌប្រកបដោយក្តីសោមនស្សរីករាយនេះ មានការអញ្ជើញចូលរួមពីលោក ដៀប ពីរី សមាជិកក្រុមប្រឹក្សាខេត្ត លោក សុក ហៃ អភិបាលរងខេត្ត តំណាងលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ លោកនាយករដ្ឋបាល ថ្នាក់ដឹកនាំមន្ទីរអង្គភាព មន្ត្រីរាជការ ព្រមទាំងពុទ្ធបរិស័ទជាច្រើនរូប។

ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យដ៏ធំមួយនៅក្នុងចំណោមពិធីបុណ្យផ្សេងៗនៅកម្ពុជា ដែលប្រជាជនខ្មែរនាំគ្នាប្រារព្ធធ្វើឡើងមិនដែលអាក់ខានឡើយជារៀងរាល់ឆ្នាំ គឺចាប់ពីថ្ងៃ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី១៥រោច ដែលមាន រយៈ ពេល១៥ថៃ្ង ដោយហៅថាបុណ្យកាន់បិណ្ឌ១, បិណ្ឌ២... និងនៅថៃ្ងបញ្ចប់គឺជាថៃ្ង «ភ្ជុំបិណ្ឌ» ធំតែម្តង។ សម្រាប់បុណ្យកាន់បិណ្ឌឆ្នាំនេះ បានចាប់ផ្ដើមនៅថ្ងៃទី៣០ ខែកញ្ញា រហូតដល់ថ្ងៃទី១៣ ខែតុលា និងថ្ងៃភ្ជុំបិណ្ឌនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣។

ក្នុងពិធីកាន់បិណ្ឌវេនទី១០ ប្រកបដោយទឹកចិត្តជ្រះថ្លានេះរដ្ឋបាលខេត្តកំពង់ធំ បានប្រគេនបច្ច័យកសាងចំនួន ១,៥០០,០០០រៀល បច្ច័យចង្ហាន់ចំនួន ១,៥០០,០០០រៀល ទឹកសុទ្ធ ១០កេស ភេសជ្ជៈ ១០កេស និងបច្ច័យទេសនា មួយចំនួនផងដែរ៕