(ព្រៃវែង)៖ នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលប្រមូលផ្តុំ និងតាំងលក់ផលិតផលកសិកម្ម របស់សហគមន៍កសិកម្មមានជ័យ លោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចុះពិនិត្យមើលការងារផលិកម្ម និងប្រព័ន្ធខ្សែច្រវាក់ទីផ្សាររបស់សហគមន៍កសិកម្មមានជ័យ ស្ថិតនៅ ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។

ការចុះជួបសំណេះសំណាលជាមួយសហគមន៍មានជ័យនេះ ក៏មានការចូលរួមពីលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកអភិបាលរងស្រុក លោកនាយក អង្គការ Helfer អន្តរជាតិនៅកម្ពុជា លោក លោកស្រីតំណាងម្ចាស់ជំនួយរបស់អង្គការ Helfer អន្តរជាតិមកពីសហរដ្ឋអាមេរិក អាជ្ញាធរមូលដ្ឋានឃុំ និងសមាជិកសហគមន៍។

យោងតាមការឲ្យដឹងពីប្រធានសហគមន៍កសិកម្មមានជ័យ បានលើកឡើងថា សហគមន៍មានមុខរបរជាចម្បងចំនួន ៣គឺ៖

* ទី១៖ ផ្តត់ផ្គង់លក់សម្ភារកសិកម្មដល់សមាជិកសហគមន៍ដូចជាជីកសិកម្ម ថ្នាំកសិកម្ម គ្រាប់ពូជស្រូវ និងចំណីសត្វ
* ទី២៖ លក់ផលិតផលកសិកម្មរបស់សមាជិកសហគមន៍ដូចជា មាន់ស្រែ បន្លែសុវត្ថិភាព និងសម្ភារបរិភោគផ្រេងៗទៀត
* និងទី៣៖ ការធ្វើឥណទានកសិកម្មដល់សមាជិកសហគមន៍ ដែលមានកន្លែងទីផ្សាររបស់សហគមន៍មួយកន្លែងសម្រាប់ការលក់ដូរនូវផលិតផលកសិកម្មរបស់សមាជិកសហគមន៍ផលិតបាន  និងជាកន្លែងប្រម៉ូលផ្តុំផលិតផល កសិកម្មដែលសមាជិកសហគមន៍នានាផលិតបាន លក់ទៅកាន់ទីផ្សារ ក្រៅខេត្ត ដូចជានៅភ្នំពេញជាដើម។

លោកហាស់ សារ៉េត បានថ្លែងផ្តល់ការណែនាំមួយចំនួនដល់សហគមន៍កសិកម្មមានជ័យរួមមាន៖

* ទី១៖ សហគមន៍ត្រូវមានការយកចិត្តទុកដាក់បន្ថែមទៀត ទៅលើការផលិតឲ្យមានគុណភាពល្អ និងមានផលិតផលលក់ជាអចន្ត្រៃយ៍។
 * ទី២៖ សហគមន៍ត្រូវគិតគូរជាចម្បងនូវការផលិតផ្សារភ្ជាប់ទៅកាន់ទីផ្សារ ត្រូវយកចិត្តទុកដាក់ផលិតផលណាដែលមានតម្រូវការរបស់ទីផ្សារ ហើយពង្រីកការទំនាក់ទំនងទីផ្សារឲ្យកាន់តែទូលំទូលាយ។
* ទី៣៖ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ អង្គភាពជំនាញ និងដៃគូរអភិវឌ្ឍនានា ចូលរួមលើកកម្ពស់និងគាំទ្រនូវចំណុចខ្វះខាតរបស់សហគមន៍ បន្ថែមដើម្បីឲ្យការអនុវត្តបន្តមានប្រសិទ្ធភាព។

បន្ថែមលើសពីនេះ លោកហាស់ សារ៉េតបានសំណូមពរ ដល់អាជ្ញាធរពាក់ព័ន្ធ និងមន្រ្តីជំនាញ ពាក់ព័ន្ធបន្តយកចិត្តទុកដាក់គាំទ្រដល់ដំណើការអនុវត្តរបស់សហគមន៍ដទៃទៀត នូវសកម្មភាពមុខរបរ និងរកយន្តការឲ្យការអនុវត្តបានកាន់តែល្អប្រសើរឡើងថែមទៀតផងដែរ៕