(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្តាប់ បានថ្លែងថា ចំពោះភ្លើងសង្រ្គាម ដែលកំពុងឆាបឆេះយ៉ាងសន្ធោរសន្ធៅ នៅក្នុងប្រទេសអ៉ីស្រាអែល ដោយការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស - Hamas ទៅក្នុងតំបន់ហ្គាហ្សា ភាគខាងត្បូងនៃប្រទេសអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣មកនេះ ដោយបាន​បាញ់​ស្រោចគ្រាប់បាញ់រ៉ូកែតរាប់ពាន់គ្រាប់​ ហើយបានបញ្ជូនក្រុមខ្មាន់កាំភ្លើងរបស់ខ្លួន ឲ្យឆ្លងព្រំដែនចូល​លុកលុយក្នុងទឹកដីអ៉ីស្រាអែល ដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រអ៉ីស្រាអែល នាសម័យបច្ចេកវិជ្ជាទំនើបនេះ។

ដោយបានសម្លាប់ប្រជាជនអ៉ីស្រាអែល និងបណ្ដាជនជាតិនានាយ៉ាងហោចណាស់ជាង៧០០នាក់ និងរបួសជាង៣០០០នាក់។ ក្នុងនោះមាននិស្សិតខ្មែរម្នាក់ ដែលកំពុងសិក្សានៅអ៉ីស្រាអែល ក្នុងចំណោមបណ្ដាជនជាតិផ្សេងៗទៀតលើពិភពលោក គឺជាសុបិន្តដ៏អាក្រក់បំផុតរបស់រាជរាដ្ឋាភិបាលកម្ពុជា។ ដោយហេតុថាកុលបុត្រខ្មែរ ដែលមាតុភូមិខ្លួនទើបចាកផុតពីសង្គ្រាម មិនគួរអកុសលត្រូវស្លាប់ក្នុងសង្គ្រាមយ៉ាងដូច្នេះទេ។

លោក រ័ត្ន សណ្តាប់ បន្ដថាពាក់ព័ន្ធនិងក្រុមហាម៉ាស់ ដែលបានបើកការវាយប្រហារមកលើអ៉ីស្រាអែលទ្រង់ទ្រាយធំ ដែលពុំធ្លាប់មានពីមុនមកនេះ ជាអ្វីដែលយើងត្រូវដឹងផងដែរ គឺហាក់ដូចជាបញ្ចប់នូវទស្សនៈខ្លះយល់ថា អ៉ីស្រាអែលជារដ្ឋមានស្ថិរភាពដ៏រឹងមាំខ្លាំងក្លា ពុំមាននរណាអាចប៉ះពាល់បាន និងជាសារមួយទៅដល់តំបន់មជ្ឈិមបូព៌ាថា មនុស្សជាច្រើនកំពុងស្ថិតនៅលើគែមមាត់ជ្រោះមរណ:នៃសង្រ្គាម ។

ហេតុនេះមធ្យោបាយពិតប្រាកដតែមួយគត់ ក្នុងការទប់ស្កាត់កុំឲ្យរឿងបែបនេះកើតឡើង សម្រាប់ភាគីជម្លោះដើម្បីឈានទៅរកដំណោះស្រាយ ដែលអាចយល់គ្នាទៅវិញទៅមកបាន គឺការដោះស្រាយបញ្ហាឫសគល់នៃអំពើហិង្សា។ ព្រោះទាំង​រដ្ដ្ឋាភិបាលអ៉ីស្រាអែល និងទាំងក្រុម​ហាម៉ាស មាន​មនោគមវិជ្ជា​ទំនោរ​ទៅរក​អំពើ​ហិង្សាជាជាង​កិច្ចសហប្រតិបត្តិការសន្តិភាព។ ដូច្នេះច្បាស់ណាស់ថា អ្នកដែលកំពុងទទួលរងផលវិបាកខ្លាំងបំផុត ពុំមែនមេដឹកនាំជ្រុលនិយមនៅម្ខាងៗនោះទេ គឺប្រជាជនអ៉ីស្រាអែលនិងប៉ាឡេស្ទីន៕