(ភ្នំពេញ)៖ កម្លាំងជំនាញមន្ទីរបទល្មើសគ្រឿងញៀន បានសហការជាមួយកម្លាំងនគរបាលស្នងការដ្ឋានរាជធានីភ្នំពេញ បានបង្ក្រាបទីតាំងខារ៉ាអូខេ ដែលបន្លំចែកចាយប្រើប្រាស់គ្រឿងញៀន ឈ្មោះ BOEING នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យជាជនបរទេសចំនួន ៩១នាក់ និងថ្នាំញៀនប្រមាណ ៥គីឡូក្រាម។

ប្រតិបត្តិការចុះបង្ក្រាបនេះ ដោយអនុវត្តន៍តាមបទបញ្ជារបស់នាយឧត្ដមសេនិយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ការដឹកនាំបញ្ជារបស់នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការទទួលផែនប្រឆាំងគ្រឿងញៀន និងការដឹកនាំផ្ទាល់របស់លោកឧត្ដមសេនិយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

មន្ត្រីជាន់ខ្ពស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា នៅយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ ក្រុមប្រតិបត្តិការរួមមានកម្លាំងជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីព្រះរាជអជ្ញានៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ បានបង្ក្រាបទីតាំងខារ៉ាអូខេ ឈ្មោះ BOEING (កណ្ដាលសួន) ដែលមានទីតាំង នៅ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ការបង្ក្រាបនេះ កម្លាំងជំនាញបានឃាត់ខ្លួនយកមកសាកសួរជនសង្ស័យចំនួន ៩១នាក់ (ស្រី៣៩នាក់) មានជនជាតិចិន វៀតណាម សិង្ហបុរី នេប៉ាល់ និងហ្វីលីពីន។ ចំពោះវត្ថុតាងដែលរកឃើញរួមមាន៖ សារធាតុញៀនជាច្រើនប្រភេទ មានទម្ងន់ប្រមាណ ៥គីឡូក្រាម និងសម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នសមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កំពុងសាកសួរ ធ្វើតេស្តរកសារធាតុញៀនលើជនសង្ស័យទាំងអស់ ដើម្បីស្រាវជ្រាវបង្ក្រាប មេខ្លោង អ្នកជូញដូរ អ្នកញៀនគ្រឿងញៀន និងកសាងសំណុំរឿង ប្រមូលភស្តុតាងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់។

សូមជម្រាបថា នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ ឱ្យមន្ទីរប្រឆាំងគ្រឿងញៀន បោសសម្អាតឧក្រិនជនគ្រឿងញៀនឱ្យអស់ ហើយនាយកមន្ទីរប្រឆាំងគ្រឿងញៀន ដែលដឹកនាំដោយឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ បានប្តេជ្ញាចិត្តថានឹងចុះបង្ក្រាបគ្រឿងញៀន តាមបណ្ដារាជធានី-ខេត្ដឲ្យអស់នូវបញ្ហាគ្រឿងញៀននេះ៕