(សៀមរាប)៖ ភ្នាក់ងារ Fresh News ប្រចាំខេត្តសៀមរាប ដែលកំពុងស្ថិតនៅជាមួយក្រុមការងារស្វែងរកបានរាយការណ៍មកថា នៅពេលនេះ គិតត្រឹមម៉ោង៨៖១០នាទី នាព្រឹកថ្ងៃសៅរ៍នេះ ក្រុមកម្លាំងស្វែងរកបានរកឃើញ និងជួបពួកគាត់ហើយ ដោយកំពុងនាំចេញតំបន់ភ្នំដែលវង្វេងនោះ មកកាន់កន្លែងសុវត្ថិភាព។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដែលបានចូលរួមក្នុងការស្វែងរកអ្នកទេសចរណ៍ខាងលើនេះ បានបញ្ជាក់ប្រាប់ Fresh News ឲ្យនៅមុននេះបន្តិចថា ឥឡូវនេះបានរកឃើញពួកគាត់ ប្រហែល២ម៉ោងទៀត ទើបអាចនាំចេញពីភ្នំដែលពួកគាត់វង្វេង។ បន្ទាប់មកនឹងនាំពួកគាត់ទៅកាន់មន្ទីរពេទ្យសិនដើម្បីពិនិត្យសុខភាព។  

លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានឲ្យដឹងបន្ថែមថា ពួកគាត់ទាំងគ្នា មានលក្ខណៈហេវហត់ និងអស់កម្លាំង ក្រុមការងារបានយកគោយន្ត ចូលទៅកាន់តំបន់ភ្នំ ដើម្បីយកពួកគាត់ចេញមក។ ការរកឃើញពួកគាត់បែបនេះ ធ្វើឡើងបន្ទាប់ពីមានក្រុមការងារបានកំណត់ទីតាំងរបស់ពួកគាត់តាមរយៈប្រព័ន្ធ GPS ទូរស័ព្ទ ស្ថិតនៅឆ្ងាយរហូតដល់ ព្រំប្រទល់ស្រុកបន្ទាយស្រី និងស្រុកវ៉ារិន្ទ។ 

 

សូមជំរាបថា កាលពីម៉ោងប្រមាណជិត៨ព្រឹកថ្ងៃសៅរ៍នេះ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានថ្លែងប្រាប់អង្គភាព Fresh News ថា ករណីបាត់ភ្ញៀវ ទេសចរណ៍ជនជាតិបារាំងមួយគ្រួសារ០៤នាក់ និងមគ្គុទ្ទេសទេសចរណ៍ម្នាក់ ដែលទៅលេងនៅរមណីដ្ឋានក្បាលស្ពាន នៅខេត្តសៀមរាប ក្រុមការងារ បានកំណត់គោលដៅ និងទីតាំងដែលពួកគាត់កំពុងស្ថិតនៅ, ដោយក្រុមការងារស្វែងរកកំពុងសំដៅទៅកាន់គោលដៅនោះ។

លោកអភិបាលខេត្តសៀមរាប បានបញ្ជាក់ឲ្យដឹងថា ទីតាំងដែលកំណត់បាននោះធ្វើឡើងតាមប្រព័ន្ធ GPS ហើយស្ថិតនៅឆ្ងាយរហូតដល់ព្រំប្រទល់ស្រុកបន្ទាយស្រី និងស្រុកវ៉ារិន្ទ, ចំណែកកម្លាំងស្វែងរកដឹកនាំដោយអភិបាលរង, ស្នងការនគរបាល, បញ្ជាការមេបញ្ជាការអាវុធហត្ថ និងកម្លាំងយោធាផងដែរ ព្រមទាំងត្រៀមរថយន្តសង្គ្រោះបន្ទាន់ទៀតផង។ ហើយនៅពេលនេះទូរស័ព្ទរបស់ជនជាតិបារាំង ដែលប្រើប្រាស់ទូរស័ព្ទ (Roaming) ប្រព័ន្ធក្រៅប្រទេសនោះ បានអស់ថ្មហើយ។ ប៉ុន្តែក្រុមការងារកំណត់ទីតាំងបាន ដោយសារគាត់ព្យាយាម Call តាមប្រព័ន្ធ (Roaming) មកកាន់ក្រុមការងាររបស់យើងតាមរយៈមគ្គុទ្ទេសទេសចរណ៍ម្នាក់ដែលកំពុងស្ថិតនៅជាមួយពួកគាត់៕