(ភ្នំពេញ)៖ លោក Mauro Vieira រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល នឹងអញ្ជើញមកដល់ប្រទេសកម្ពុជា នៅល្ងាចនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ស្អែកនេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ។ នេះបើតាមការជូនដំណឹងរបស់ក្រសួងការបរទេសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ទស្សនកិច្ចនេះ មានរយៈពេល៣ថ្ងៃ ជាប់ពីថ្ងៃទី១០ ដល់ទី១២ ខែតុលា តបតាមការអញ្ជើញរបស់ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា។

តាមការប្រកាសរបស់ក្រសួងការបរទេស បានឱ្យដឹងថា ក្នុងអំឡុងពេលទស្សនកិច្ចនេះ រដ្ឋមន្ត្រីការបរទេសប្រេស៊ីល នឹងអញ្ជើញចូលជួបសម្ដែង ការគួរសមជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា និងលោក ម៉ៅរូ វីអេរ៉ា នឹងមានជំនួបទ្វេភាគី សំដៅដាក់ចេញនូវវិធានការសកម្មភាព ដើម្បីជំរុញ និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ទ្វេភាគីដែលមានកន្លងមករវាងប្រទេសទាំងពីរ រួមមានពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងកិច្ច សហការបច្ចេកទេស ព្រមទាំងកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាពហុភាគី ផងដែរ។

ដំណើរទស្សនកិច្ចនេះ នឹងជាជំហានថ្មីសំខាន់មួយទៀត ដែលគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ ប្រទេសទាំងពីរ ក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ៕