(ភ្នំពេញ)៖​ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុម​ឧត្តម​ប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានស្នើលោក ហ្វៃ សំអាង ដែលជាអ្នកដឹកនាំការផលិតភាពយន្តចម្រៀងជីវីតក្មេងវត្ត ដកឈុតដែលគេចាក់ស្រាលើក្បាលសម្តេច ក្នុងភាពយន្តចម្រៀងជីវិតក្មេងវត្តចេញ ព្រោះ​មិនមែនជាកាពិត។​

សម្តេចតេជោ​ថ្លែងបែបនេះធ្វើឡើងឱកាសដែល សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបិទ ការថតខ្សែភាពយន្ត «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី»។ ពិធីនេះ បានរៀបចំធ្វើឡើង នៅមជ្ឈមណ្ឌលពិព័រណ៍អន្ដរជាតិជ្រោយចង្វារ OCIC រាជធានីភ្នំពេញ នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣។

សម្តេចតេជោ បានបញ្ជាក់ថា  ការស្នើឱ្យដកឈុតនេះចេញព្រោះមនុស្សដូចសម្តេចមិនដែលឱ្យអ្នកណាម្នាក់យកស្រាមកចាក់លើក្បាលនោះឡើយ។  ម្យ៉ាងទៀត​រូបភាពបែបនេះគឺជាការបង្ហាញវប្បធម៌មិនគោរពផងដែរ។​

សម្តេចតេជោ​មានប្រសាសន៍បន្ថែមថា «ខ្ញុំ​និទានអំពីរឿងនេះបន្តិចចុះ អារឿងបញ្ហាត្រង់វគ្គនោះកែបន្តិចបានទេ ខ្ញុំ​ដូចជាធ្លោយត្រង់កន្លែងហ្នឹង។​ស្រាប់តែឃើញចាក់ស្រាលើក្បាល ខ្ញុំ​ថាស្រេច ! មនុស្សដូច ហ៊ុន សែន តាំងពីកុមារមិនអាចមានអ្នកណាមកវ៉ៃក្បាល ហ៊ុន សែន បានទេ រហូតដល់ពេលនេះ​»

សូមជម្រាបថា  ភាពយន្តចម្រៀងប្រវត្តិសាស្ត្រ «ជីវិតក្មេងវត្ត» ជាស្នាដៃនិពន្ធដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន  ដែលត្រូវបានដាក់សម្ពោធផ្សព្វផ្សាយជាសាធារណៈ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២។​

ភាពយន្តចម្រៀងប្រវត្តិសាស្ត្រ ជីវិតក្មេងវត្ត ជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យបង្កប់ដោយអត្ថន័យ អត្ថរូប និងអត្ថរសដ៏សម្បូរបែបអំពីខ្សែជីវិតពិត និងការតស៊ូរបស់សម្ដេចតេជោ ហ៊ុន សែន ដែលជាកូនកសិករ ហើយក្រាញននាលការលំបាកសព្វបែបយ៉ាង ដើម្បីចំណេះវិជ្ជាជាទ្រព្យដ៏សំខាន់មិនអាចកាត់ថ្លៃបាន។ គម្រូវីរភាពរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានលាតត្រដាងយ៉ាងល្អឥតខ្ចោះនៅក្នុងភាពយន្តចម្រៀង «ជីវិតក្មេងវត្ត» ដែលបានចំណាយថវិកាផលិតអស់ជាង ១២ម៉ឺនដុល្លារ ចំណាយពេលលើការផលិតជិត១ឆ្នាំ តាំងពីការរើសទីតាំងថត តួសម្ដែង ការថតរហូតដល់ការកាត់តជាដើម៕