(ភ្នំពេញ)៖ បន្ទាប់ពីឆ្លងកាត់ការរៀបចំផលិតភាពយន្ត និងការបញ្ចាំងខ្សែភាពយន្តខ្នាតខ្លី, ស្ថានទូតជប៉ុន ប្រចាំកម្ពុជា ​ក្រសួងអប់រំ យុវជន និងកីឡា និងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) បានរកឃើញម្ចាស់ជយលាភីខ្សែភាពយន្តខ្លីចំនួន៣ ក្នុងចំណោមខ្សែភាពយន្តចំនួន១៣ ដែលផលិតដោយសិស្សវិទ្យាល័យ ដើម្បីជ្រើសរើសរឿទៅប្រកួតបន្ដនៅក្នុងមហោស្រពភាពយន្តកុមារអន្តរជាតិអាសុី ឆ្នាំ២០២៣ ក្នុងចំណោមសិស្សវិទ្យាល័យនៃប្រទេសជប៉ុន និងបណ្តាប្រទេសអាស៊ានទាំង១០ប្រទេសផ្សេងទៀត រួមទាំងប្រទេសទីម័រខាងកើត នៅទីក្រុងមិណាមិ អាវ៉ាជិ ខេត្តហ្យូហ្គុ ប្រទេសជប៉ុន។

ការរកឃើញម្ចាស់ខ្សែភាពយន្តខ្លីនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣នេះ ក្នុងឱកាសស្ថានទូតជប៉ុន សហការជាមួយក្រសួងអប់រំ បានប្រារព្ធមហោស្រពភាពយន្តកុមារអន្តរជាតិអាស៊ី ឆ្នាំ២០២៣ និងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ លើកទី១២ ក្រោមប្រធានបទ «អ្វីដែលខ្ញុំចង់បាន (What I want)»។ ដោយមានការអញ្ជើញចូលរួមពីលោកស្រី សន ម៉ារាដា រដ្ឋលេខាធិការក្រសួងព័ត៌មាន។

សម្រាប់ខ្សែភាពយន្តខ្នាតខ្លីទាំង៣រឿងដែលទទួលបានជយលាភីរួមមាន៖

ទី១៖ ខ្សែភាពយន្តមានចំណងជើងថា «អ្វីដែលខ្ញុំចង់បាន» ផលិតដោយសិស្សមកពីវិទ្យាល័យ ពេជ្រ ចិន្តា ខេត្តបាត់ដំបង
ទី២៖ ខ្សែភាពយន្តមានចំណងជើងថា «អ្វីដែលខ្ញុំចង់បាន មិនមែនសម្រាប់តែខ្លួនឯង» ផលិតដោយសិស្សមកពីវិទ្យាល័យ នេត យង់ ខេត្តបាត់ដំបង
និងទី៣៖ ខ្សែភាពយន្តមានចំណងជើងថា «អ្វីដែលខ្ញុំចង់បានពិតប្រាកដ» ផលិតដោយសិស្សមកពីវិទ្យាល័យ សុវណ្ណាភូមិ ខេត្តតាកែវ។

បើតាមយុវត្តី រ៉ាត់ យ៉ារ៉ូ ជាតំណាងក្រុមសិស្សជយលាភីលេខ១ មកពីវិទ្យាល័យ ពេជ្រ ចិន្តា បានបង្ហាញចំណាប់អារម្មណ៍ថា ការជ្រើសរើសផលិតរឿងខ្លីនេះ គឺដកស្រង់ចេះពីសាច់រឿងពិតរបស់ក្មេងប្រុសម្នាក់ដែលសិក្សានៅវិទ្យាល័យ ពេជ្រ ចិន្តា។ សម្រាប់សាច់រឿងនេះគឺបានអប់រំ យុវជនផ្សេងទៀតឱ្យធ្វើជាកូនល្អ សិស្សល្អ ពលរដ្ឋល្អក្នុងសង្គម។

យុវត្តី រ៉ាត់ យ៉ារ៉ូ បានបន្តថា នៅក្នុងឱកាសចេញទៅបញ្ចាំងខ្សែភាពយន្តនៅប្រទេសជប៉ុន ក្នុងនាមជាកូនខ្មែរ ប្តេជ្ញាផ្សព្វផ្សាយវប្បធម៌ ប្រពៃណីដ៏ឧត្តុង្គឧត្តមរបស់ខ្មែរ ឱ្យបណ្តាយុវសិស្សមកពីបណ្តាប្រទេសផ្សេងៗទៀតកាន់តែស្គាល់ច្បាស់ថាអ្វីជារបស់ខ្មែរ ជាក់ស្តែងតាមរយៈខ្សែភាពយន្តខ្នាតខ្លី ដែលមានចំណងជើងថា «អ្វីដែលខ្ញុំចង់បាន» គឺបានដាក់បញ្ចូលល្ខោតខោ ព្រមទាំងទិដ្ឋភាពដ៏ស្អាតរបស់កម្ពុជាផងដែរ។

ឆ្នាំ២០២៣នេះ គឺជាខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសជប៉ុន និងកម្ពុជា។ ការប្រកួតភាពយន្តនេះនឹងក្លាយជាឱកាសមួយក្នុងការកសាងស្ពានមេត្រីភាពរវាងប្រទេសជប៉ុន និងកម្ពុជា និងជួយពង្រឹងទំនាក់ទំនងទ្វេភាគីនេះបន្ថែមទៀត។

សូមបញ្ជាក់ថា គោលបំណងក្នុងកម្មវិធីនេះ ដើម្បីជ្រើសរើសរឿងខ្លីៗល្អដាច់គេចំនួន៣ ទៅប្រកួតបន្ដនៅក្នុងមហោស្រពភាពយន្តកុមារអន្តរជាតិអាសុី ក្នុងចំណោមសិស្សវិទ្យាល័យនៃប្រទេសជប៉ុន និងបណ្តាប្រទេសអាស៊ានទាំង១០ប្រទេសផ្សេងទៀត រួមទាំងប្រទេសទីម័រខាងកើត។

សិស្សវិទ្យាល័យចំនួន៣ក្រុម មានសមាជិកសរុប៩រូប ដែលបានឈ្នះក្នុងការប្រកួតថ្ងៃនេះនឹងត្រូវបានអញ្ជើញទៅកាន់ប្រទេសជប៉ុន ក្រោមកម្មវិធី JENESY2023 ដើម្បីចូលរួមការប្រកួតផ្ដាច់ព្រ័ត្រនៃមហោស្រព នៅខេត្តហ្សូហ្គុ ប្រទេសជប៉ុន ដែលនិងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ខាងមុខ៕