(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ បានឆ្លើយតបនឹងអ្នកនិយាយចរិតនៃសុន្ទរកថារបស់សម្តេចថា នៅពេលនេះសុន្ទរកថារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត មានចរិតបង្គាប់បញ្ជាវិញហើយ។

សម្តេចតេជោ ថ្លែងបែបនេះ នៅរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ពេលអញ្ជើញបិទការថតខ្សែភាពយន្ត «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី»។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «គេថា សុន្ទរកថារបស់ ហ៊ុន សែន មានចរិតបង្គាប់បញ្ជា ឯសុន្ទរកថា ហ៊ុន ម៉ាណែត គ្មានលក្ខណៈបង្គាប់បញ្ជាទេ។ ខ្ញុំសូមប្រាប់ទៅអ្នកឯង ឥលូវនេះ គឺសុន្ទរកថា ហ៊ុន សែន អត់មានលក្ខណៈបង្គាប់បញ្ជាទេ ប៉ុន្តែជាង ១ខែនេះ សុន្ទរកថា ហ៊ុន ម៉ាណែត មានលក្ខណៈបង្គាប់បញ្ជា»

បើតាមប្រសាសន៍សម្តេចតេជោ បើតំណែងជានាយករដ្ឋមន្ត្រី ថ្លែងសុន្ទរកថាមិនមានភាព បង្គាប់បញ្ជា គឺមិនមែនជានាយករដ្ឋមន្ត្រីទេ។

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រតិកម្មទៅជនបរទេសមួយចំនួនដែលបានអត្ថាធិប្បាយពាក់ព័ន្ធរបបដឹកនាំនៅកម្ពុជាថា ពួកគេនោះ មានសំណាងបានកើតលើប្រទេសមានការរីកចម្រើន តែខួរក្បាលរបស់ពួកគេមិនប្រាកដថាឆ្លាតជាងសម្តេច និងពលរដ្ឋខ្មែរនោះឡើយ៕