(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សកាន់អំណាច បានថ្លែងសំណូមពរសុំកុំឱ្យមានរឿងប្រវត្តិរបស់សម្តេច ដល់ទៅ២ តាមរយៈការបញ្ជូលនូវគំនិតរបស់អ្នកនិពន្ធ ដែលអាចនឹងខុសពីការពិត តែងអាចប្រើប្រាស់នូវអ្វីដែលមាននៅក្នុងខ្សែភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ជាមូលដ្ឋានសម្រាប់ការឆ្លុះបញ្ជាំងអំពីដំណើរជីវិតសម្តេចបាន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះ នៅរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីបិទការថតខ្សែភាពយន្ត «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» នៅ OCIC ជ្រោយចង្វារ។

គួរបញ្ជាក់ដែរថា ភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ដែលជាភាពយន្តបែប ប្រវត្តិសាស្ត្រ និងឆ្លុះបញ្ចាំងពីជីវិតតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងបុព្វហេតុជាតិមាតុភូមិនោះ បានថតចប់ជាស្ថាពរហើយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ខ្ញុំពិតជាមានការរីករាយជាមួយនឹងអ្វីដែលសម្រេចបាន ទោះបីថានេះវាឆ្លុះបញ្ជាំងមិនគ្រប់គ្រាន់អស់នូវអ្វីដែលកើតមាន ប៉ុន្តែខ្ញុំក៏មានសំណូមពរថា សុំកុំឱ្យមានរឿងប្រវត្តិ ហ៊ុន សែន ដល់ទៅ២ នេះជាសំណូមពរដ៏ទទូចរបស់ខ្ញុំ ប្រើប្រាស់នូវអ្វីដែលមាននៅក្នុងខ្សែភាពយន្តនេះជាមូលដ្ឋានសម្រាប់ការឆ្លុះបញ្ចាំងអំពីដំណើរជីវិតខ្ញុំ ព្រោះអ្វីដែលខ្ញុំខ្លាចបំផុត គឺរឿងប្រវត្តិសាស្ត្របានបញ្ជូលនូវគំនិតរបស់អ្នកនិពន្ធ ហើយធ្វើឱ្យរឿងនោះក្លាយទៅជារឿងខុសពីកាពិត»

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ខ្សែភាពយន្តរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី ទាំង ៩៩ភាគនេះ ត្រូវឆ្លងកាត់គ្រប់ពេលនៃការត្រួតពិនិត្យរបស់សម្តេច ខណៈពេលខ្លះសម្តេចបានឱ្យថតឡើងវិញសូម្បីតែការស្លៀកពាក់មិនត្រូវ ទីកន្លែង និងរបៀបសន្ទនាមិនត្រូវ ក៏ត្រូវឱ្យកែរ និងថតឡើងវិញ បើមិនដូចនេះទេស្ថានភាពគឺខុសជាមួយនឹងការពិត ដែលអាចហៅថា រូបភាពក្បត់និងខ្លឹមសារ។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ឆ្លងកាត់ត្រួតពិនិត្យ ក្នុងការថតរឿងនេះ សម្តេចក៏បានយល់ពីការលំបាកនៃការថតខ្សែភាពយន្ត ទាំងអ្នកនិពន្ធ អ្នកដឹកនាំរឿង ទាំងតួសម្តែង គឺមិនមែនជាការងាយស្រួលទេ ហើយអ្វីដែលជារឿងគ្រោះថ្នាក់នោះគឺនៅត្រង់យកតួឯកខ្សែភាពយន្តនេះ ថតនៅត្រង់ឈុតដែលសម្តេចយល់សប្តិធ្លាក់ក្នុងទឹកទន្លេ ហើយទឹកទន្លេ គួចចេញទៅខាងក្រៅ (ដែលជារឿងអភូតហេតុមុនពេលសម្តេចចាគចេញ ២ថ្ងៃ) នៅក្នុងឈុតនេះតួឯកស្ទើតែបាក់ឆ្អឹងខ្នង ដោយសារការទម្លាក់ខ្លួនរាងជ្រុល ដែលធ្វើឱ្យតួឯកស្ទើសម្តែងលែងបាន។

ជាមួយគ្នានឹងរឿងនេះដែរសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំពិតជាមានការសោកស្តាយ ជាមួយនឹងតួរអង្គ៤នាក់ ដែលបានទទួលមរណៈកាល នៅក្នុងកំឡុងពេលនៃការថត ក្នុងរឿង(រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី)នេះ ទី១៖ មេបញ្ជារការ សុខ សារឿន កាលដែលពេលយើងចាប់ផ្តើមថត គាត់នៅរស់, ទី២ បងប្រុសរបស់ខ្ញុំ ហ៊ុន ណែង ពេលយើងចាប់ផ្តើមថត គាត់នៅរស់, ទី៣ អ្នកគ្រូ តាំង លី ពេលយើងចាប់ផ្តើមថត គាត់នៅរស់ និងទី៤ ប្អូនថ្លៃពៅរបស់ខ្ញុំ គាត់នៅរស់ ក៏ប៉ុន្តែឥលូវរឿងបានកើត ក៏ប៉ុន្តែគាយត់មិនបានមើលរឿងដែលត្រូវបានសម្តែងជាតួអង្គរបស់គាត់ទៀតនោះទេ»។

សូមបញ្ជាក់ថា ភាពយន្តភាគរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ជាភាពយន្តទាក់ទិនទៅ​និងដំណើរជីវិតពិត​របស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងសម័យសង្គ្រាម លន់ នល់ រដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ការរត់ចូលព្រៃម៉ាកគី សម័យកាលនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ការឆ្លងដែនចូលទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកកម្លាំងអ្នក​ស្នេហាជាតិ មករំដោះប្រទេសចេញ ពីរបបប៉ុលពត ការជួបជុំភរិយាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩។ ជាពិសេសទាក់ទិនទៅ​និងជីវិតពិតរបស់សម្តេចផ្ទាល់ ចាកចេញពីមាតាបិតាបងប្អូនបង្កើតរបស់សម្តេចពីភូមិកំណើត មកស្វែងរកការសិក្សារៀនសូត្រ នៅរាជធានីភ្នំពេញ ការស្នាក់នៅ​អាស្រ័យជាមួយ​ព្រះសង្ឃក្នុងវត្តនាគវ័ន្ត។

ក្រុមការងារផលិតភាពយន្តនេះ បានជ្រើសរើសតួសំដែងសំខាន់ៗចំនួន ១០៣នាក់ តួប្រជាជនយ៉ាងតិច ៥០០នាក់ ព្រមទាំងកងកម្លាំង ៥០០នាក់ផ្សេងទៀត ដើម្បីចូលរួមសំដែងក្នុងឈុតឆាកធំៗ។ ភាពយន្តនេះគ្រោងប្រើពេលថតប្រមាណ ១២ខែកន្លះយ៉ាងតិច។ ភាពយន្តដែលទាក់ទងទៅនឹងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាតិនេះបានចំណាយថវិកាសម្រាប់ផលិតប្រមាណជាង ៥លានដុល្លារអាមេរិក៕