(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកស្រី ទាង អេង ទៀ សីហា នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣នេះ បានចាត់តំណាងនាំថវិកា និងគ្រឿងឧបភោគ បរិភោគ ប្រគល់ជូនអង្គការមូលនិធិកុមារ និងនិស្សិតក្រីក្រកម្ពុជា។

ថវិកា និងអំណោយទាំងនេះត្រូវក្រុមការងារខុទ្ទកាល័យរបស់ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ជូនអង្គការមូលនិធិកុមារ និងនិស្សិតក្រីក្រកម្ពុជា រួមមាន៖ ថវិកាចំនួន ២,០០០, ០០០រៀល, អង្ករ ចំនួន ១,០០០គីឡូក្រាម, មី ១២កេស, ទឹកក្រូច ៥កេស និងទឹកសុទ្ធ ៥កេស។

ជាមួយនឹងការទទួលបានអំណោយដ៏ថ្លៃថ្លារបស់ឧបនាយករដ្ឋមន្ត្រី ទៀ សីហា និងលោកស្រី ទាង អេង ទៀ សីហា, លោក ប៉ាត ណូន
ប្រធានអង្គការកុមារ និងនិស្សិតក្រីក្រកម្ពុជា ក្នុងនាមតំណាងថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ កុមារ និងនិស្សិតទាំងអស់នៃអង្គការមូលនិធិកុមារ និងនិស្សិតក្រីក្រកម្ពុជា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា និងលោកស្រី ទាង អេង ទៀសីហា ដែលបានឧបត្ថម្ភថវិកា និងគ្រឿងឧបភោគបរិភោគជាច្រើន។

អំណោយដ៏ថ្លៃថ្លានេះ បានបង្ហាញពីការយកចិត្តទុកដាក់ សេចក្តីអាណិតស្រឡាញ់ និងសេចក្តីព្រហ្មវិហារធម៌របស់ឧបនាយករដ្ឋមន្ត្រី និងលោកស្រី ដល់លោកគ្រូ អ្នកគ្រូ កុមារ និងនិស្សិតទាំងអស់គ្នា។ ព្រមទាំងសូមគោរពជូនពរ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី សូមប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕