(ភ្នំពេញ)៖ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងចូលបុណ្យសពលោក ចាន់ ឧត្តម ជានិស្សិតនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម (ចំការដូង) ដែលបានទទួលមរណភាព កាលពីថ្ងៃសៅរ៍ ទី៧ ខែតុលា ឆ្នាំ២០២៣ ក្នុងជន្មាយុ២៤ឆ្នាំ ដោយសារហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៉ីស្រាអែល និងក្រុមហាម៉ាស់ ខណៈពេលកំពុងស្នាក់នៅ និងបន្តការសិក្សានៅប្រទេសអ៉ីស្រាអែល។
ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនោះ លោកស្រីអគ្គលេខាធិការរងទី១ បានអាន និងប្រគល់ជូន ក្រុមគ្រួសារសព នូវសារលិខិតរំលែកមរណទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលក្នុងសារលិខិតនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបញ្ជាក់ថា «ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្តុកក្តួលនេះ ខ្ញុំ និងសហការីនៃកាកបាទក្រហមកម្ពុជា សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ប្រកបដោយក្តីអាឡោះអាល័យបំផុត ចំពោះសពលោក ចាន់ ឧត្តម ដែលជាការបាត់បង់កូនជាទីស្រឡាញ់ស្មើជីវិត មានកតញ្ញូតាធម៌ និងប្រតិបត្តិតាមគន្លងធម៌ ឪពុកម្តាយ និងក្រុមគ្រួសារ ហើយក៏ជាការបាត់បង់មូលធនមនុស្សមួយរូប ដែលបានកំពុងសិក្សាបង្កើនកម្រិតសមត្ថភាព ដើម្បីយកមកបម្រើជាតិមាតុភូមិ។ ទោះបីរូបកាយរបស់ លោក ចាន់ ឧត្តម បានបាត់បង់ទៅមែនពិត ប៉ុន្តែអំពើជាកុសលសេចក្តីថ្លៃថ្នូរ គុណធម៌ នឹងស្ថិតនៅក្នុងក្តីចងចាំរបស់លោក និងលោកស្រី ព្រមទាំងមិត្តភក្តិ ញាតិសន្តាន ទាំងអស់ជានិច្ចនិរន្តរ៍»។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការីនៃកាកបាទក្រហមកម្ពុជា សូមឧទ្ទិសបួងសួងសុំដួងវិញ្ញាណក្ខន្ធលោក ចាន់ ឧត្តម បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
ជាកិច្ចឆ្លើយតប តំណាងក្រុមគ្រួសារសព លោកស្រី នង ណារុន ម្តាយរបស់លោក ចាន់ ឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានចូលរួមរំលែកទុក្ខ និងចាត់មន្ត្រីចុះមកដោយផ្ទាល់ ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាជនជួបការលំបាក និងប្រជាជនរងគ្រោះដោយគ្មានការរើសអើងអ្វីឡើយ។
ទន្ទឹមនឹងនេះ លោកស្រីក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ញើសាររំលែកទុក្ខ និងជួយរៀបចំពិធីបុណ្យសពឱ្យបានសមរម្យផងដែរ៕
់ឮ