(ស្ទឹងត្រែង)៖ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ លោក សែន វ៉ានស៊ីម អភិបាលរងខេត្ត និងលោក ហង់ កុង ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត បានដឹកនាំ កិច្ចប្រជុំផ្សព្វផ្សាយស្តីពីការចុះឈ្មោះបោះឆ្នោតសម្រាប់ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោត ឆ្នាំ២០២៣ នៅសាលប្រជុំ គ.ជ.ប ខេត្ត ដែលមានសមាសភាពចូលរួមពីជំនួយការ គ.ជ.ប ប្រចាំការ នៅ ល.ខ.ប ខេត្ត ស្ទឹងត្រែង  កងកម្លាំងទាំង៣ និង តំណាងបក្សនយោបាយ ជាច្រើនរូប។

លោក ហង់ កុង បានបញ្ជាក់ថា រហូតមកដល់ពេលនេះ យើងសង្កេតឃើញថា ក្នុងដំណាក់កាលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះ ឈ្មោះបោះឆ្នោតឆ្នាំ២០២៣ ដំណើរការនៃការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ការចុះឈ្មោះអ្នកសង្កេត ការណ៍ជាតិ និងអ្នកសារព័ត៌មានជាតិ គ្រប់ឃុំ សង្កាត់ បាននឹងកំពុងប្រព្រឹត្តទៅប្រកបដោយរលូន នឹងដោយ ការយកចិត្តទុកដាក់ ក្រោមការត្រួតពិនិត្យមើលពីសំណាក់ក្រុមប្រឹក្សាឃុំ-សង្កាត់ ព្រមទាំងកិច្ចសហការការពារ សណ្តាប់ធ្នាប់ ពីកងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ធ្វើឱ្យមានសភាពស្ងប់ស្ងាត់ល្អ។

លោកប្រធាន លេខាធិការរដ្ឋានរៀបចំការបោះឆ្នោតខេត្ត បានបន្ថែមថា សម្រាប់ទឹកដីខេត្តស្ទឹងត្រែង មានគណបក្សនយោបាយ៦ ដែលមានវត្តមាន និងបានចូលរួមក្នុងកិច្ចប្រជុំផ្សេងៗ ជាមួយ ល.ខ.ប ក្នុងនោះរួមមាន៖

*ទី១៖ គណបក្សប្រជាជនកម្ពុជា
*ទី២៖ គណបក្សហ៊្វុនស៊ិនប៉ិច
*ទី៣៖ គណបក្សភ្លើងទៀន
*ទី៤៖ គណបក្សខ្មែររួបរួមជាតិ
*ទី៥៖ គណបក្សសញ្ជាតិកម្ពុជា
*ទី៦៖ គណបក្សយុវជនកម្ពុជា។

លោកបានបន្តថា ក្នុងចំណោមគណបក្សទាំង០៦ មានគណបក្សចំនួន២ ប៉ុណ្ណោះបានតម្កល់ សេចក្តីចម្លងប្រកាស ស្តីពីការ ចុះបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ មានបញ្ជាក់នីត្យានុកូលកម្ម សម្រាប់ការប្រើប្រាស់ឱ្យការចុះ ឈ្មោះភ្នាក់ងារគណបក្សនយោបាយ សង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣នៅ គ.ជ.ប ពីរ៖

*ទី១៖ គណបក្សប្រជាជនកម្ពុជា
*ទី២៖ គណបក្សហ៊្វុនស៊ិនប៉ិច។

លោក សែន វ៉ានស៊ីម បានលើកឡើងថា សំខាន់សម្រាប់ជាតិរបស់យើងដែលប្រកាន់យករបបលទ្ធិប្រជាធិបតេយ្យ ដែលត្រូវរៀបចំការបោះឆ្នោតជាទៀង ទាត់តាមកាលកំណត់ ដើម្បីជ្រើសរើសថ្នាក់ដឹកនាំជាតិ ក៏ដូចជាថ្នាក់ដឹកនាំនៅមូល ដ្ឋាន ហើយចាប់ពីឆ្នាំ២០២២ នេះតទៅ រហូតដល់ឆ្នាំ ២០២៤ យើងមានការបោះ ឆ្នោតចំនួន៤ គឺការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ឆ្នាំ២០២៣ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ឆ្នាំ២០២៤ និងការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌឆ្នាំ២០២៤។

លោកអភិបាលរងខេត្ត បានសំណូមពរគ្រប់ស្ថាប័ន ដែលពាក់ព័ន្ធត្រូវសហការ ជាមួយអាជ្ញាធរដែនដីដោយភាពរលូនហើយត្រូវរាយការណ៍ដល់ថ្នាក់ដឹកនាំ រាល់បញ្ហាផ្សេងៗ ដើម្បីដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ប្រព្រឹត្តទៅដោយរលូនទៅ តាមប្រតិទិនដែលបានកំណត់ ពោលគឺធ្វើយ៉ាងណាឱ្យដំណើរការបោះឆ្នោត នេះប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវនិងយុត្តិធម៌៕