(ឥណ្ឌណេស៊ី)៖ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ នៅក្រសួងការបរទេសឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រីភាគី រវាងសាធារណរដ្ឋឥណ្ឌូណេស៊ី សាធារណរដ្ឋសហព័ន្ធប្រេស៊ីល និងលេខាធិការដ្ឋានអាស៊ាន។

កិច្ចប្រជុំបានផ្លាស់ប្តូរមតិ ស្តីពីកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងទំនាក់ទំនងអាស៊ាន-ប្រេស៊ីល ក៏ដូចជា រិះរកវិធីពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យសំខាន់ៗ ដែលជាផលប្រយោជន៍ទៅវិញទៅមក ដូចជា ថាមពលកកើតឡើងវិញ កសិកម្ម និងការលើកកម្ពស់ទំនាក់ទំនងរវាងធុរកិច្ច និងធុរកិច្ចជាដើម។

បន្ទាប់មក នៅរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន បានបន្ដទទួលជួបពិភាក្សាការងារ ជាមួយលោក Junhui Hao អនុរដ្ឋមន្ត្រីក្រសួងគ្រប់គ្រងភាពអាសន្នរបស់ចិន។

នៅក្នុងជំនួបនោះ ភាគីទាំងពីរ បានពិភាក្សាអំពីយុទ្ធសាស្ត្រ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងចិន ជាពិសេសក្នុងវិស័យគ្រប់គ្រងគ្រោះមហន្តរាយ៕