(ស្វាយរៀង)៖ អភិបាលខេត្តស្វាយរៀង លោក ប៉េង ពោធិ៍សា សូមអំពាវនាវដល់ប្រជាពលរដ្ឋមេត្តាបង្កើនការប្រុងប្រយ័ត្ន ប្រសិនបើបានឃើញមានសត្វឈឺ ឬងាប់ សូមកុំប៉ះពាល់ត្រូវរាយការណ៍ជូនសមត្ថកិច្ច ដែលនៅជិតបំផុតដើម្បីចុះទៅពិនិត្យ និងចាត់វិធានការភ្លាមៗ។ ការអំពាវនាវរបស់រដ្ឋបាលខេត្តស្វាយរៀងបែបនេះ ធ្វើឡើងបន្ទាប់ពីមានករណីផ្ទុះជំងឺផ្ដាសាយបក្សីនៅភូមិម្រាក់ទាប ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់។

រដ្ឋបាលខេត្តស្វាយរៀង បានបញ្ជាក់ថា ករណីជំងឺគ្រុនផ្តាសាយបក្សី គិតមកដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វសហការជាមួយមន្ទីរកសិកម្ម រក្ខាប្រមាញ់ និងនេសាទ និងការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តស្វាយរៀង ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានចុះអនុវត្តវិធានការបសុព្យាបាលនៅភូមិម្រាក់ទាប ឃុំត្រស់ ស្រុករមាសហែក ដែលមានករណីវិជ្ជមានជំងឺផ្តាសាយបក្សីលើ មាន់មួយក្បាល កាលពីយប់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ (លទ្ធផលវិទ្យាស្ថាន) ក្នុងចំណោមមាន់ទាសរុប៣៤ក្បាល ងាប់២០ក្បាល របស់គ្រួសារកសិករឈ្មោះ ចិន សុខ ស្ថិតក្នុងភូមិខាងលើ។

ក្រុមការងារបានអនុវត្តវិធានការបន្ទាន់ដំបូងដូចខាងក្រោម៖

*ទី១៖ ដុតកម្ទេចចោលបក្សីចំនួន១៤ក្បាល របស់គ្រួសារខាងលើ ដែលមានមាន់១ក្បាល បានរកឃើញវិជ្ជមានវីរុសផ្តាសាយបក្សី និងបានអនុវត្តការបាញ់ថ្នាំសម្លាប់មេរោគ និងណែនាំដល់ក្រុមគ្រួសារ

*ទី២៖ ចំពោះទីតាំងគេហដ្ឋានដែលមានមនុស្សស្លាប់ ក្រុមការងារកំពុងអនុវត្តវិធានការបសុព្យាបាល

*ទី៣៖ ក្រុមការងារកំពុងចុះពិនិត្យស្ថានភាពចិញ្ចឹមបក្សីនៅតំបន់ជុំវិញ ជាពិសេសនៅតំបន់ជុំវិញមានករណីមនុស្សស្លាប់ ដើម្បីអនុវត្តការចចារកម្ទេចចោលបក្សី និងអនុវត្តការបាញ់ថ្នាំសម្លាប់មេរោគ។

ជាមួយនេះ ក្រុមការងារបានបន្តចុះបាញ់ថ្នាំ និងប្រមូលបក្សីយកមកដុតបំផ្លាញចោល និងយកសំណាក សរុប២៦ក្បាល ក្នុងនោះបានដុតកម្ទេចចោលចំនួន២១ក្បាល (មាន់ចំនួន១៧ក្បាល និងទា៤ក្បាល) និងយកសំណាកទៅពិនិត្យ ចំនួន៤ក្បាល (មាន់៣ក្បាល ទា១ក្បាល)៕