(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានផ្ញើសារចូលរួមរំលែកទុក្ខ ជូនផ្ញើសារលិខិតរំលែកទុក្ខជូនលោក ចាន់ ឈាងគ្រី និងលោកស្រី នង ណារុន ចំពោះមរណភាព លោក ចាន់ ឧត្តម ជានិស្សិត នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម(ចំការដូង) ដែលទទួលមរណភាព ក្នុងហេតុការណ៍វាយប្រហារនៅតំបន់ហ្គាសា ប្រទេសអ៉ីស្រាអែល។

តាមរយៈសារលិខិតនេះ សម្តេចបានបញ្ជាក់ថា៖ «ក្នុងនាមសមាជិក សមាជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភា និងរូបខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីសោកស្ដាយយ៉ាងខ្លាំង ដោយបានទទួលដំណឹងដ៏ក្រៀមក្រំថា លោក ចាន់ ឧត្តម ជានិស្សិត នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម(ចំការដូង) និងកំពុងបន្តការសិក្សា នៅប្រទេសអ៊ីស្រាអែល អាយុ ២៤ឆ្នាំ ត្រូវជាកូនប្រុសបង្កើតរបស់ លោក និងលោកស្រី ដែលបានទទួល មរណភាពក្នុងហេតុការណ៍វាយប្រហារ នៅតំបន់ហ្កាហ្សា ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣»។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបន្ដទៀតថា មរណភាពរបស់ លោក ចាន់ ឧត្តម គឺជាការបាត់បង់នូវកូនប្រុស ចៅប្រុស និងប្អូនប្រុសជាទី ស្រឡាញ់ប្រកបដោយកតញ្ញុតាធម៌ចំពោះឪពុកម្តាយ ជីដូន ជីតា និងបងប្រុសស្រីបង្កើតទាំងអស់ និងជា ធនធានមនុស្សដ៏ល្អសម្រាប់កម្ពុជា។

សូមវត្ថុស័ក្ដិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សា ដល់ ដួងវិញ្ញាណក្ខន្ធ លោក ចាន់ ឧត្តម បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕