(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី០៩ ខែតុលា​ ឆ្នាំ២០២៣នេះ បានបញ្ជាក់មហិច្ឆិតារបស់ក្រសួង ដើម្បីធ្វើឲ្យមានសេវាទូរស័ព្ទ និងអ៊ីនធើណិត នៅទូទាំងប្រទេស ក្នុងឆ្នាំ២០២៤។

ការបញ្ជាក់បែបនេះធ្វើឡើងក្នុងឱកាសដែល រដ្ឋមន្ដ្រី ជា វ៉ាន់ដេត អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពី ការកសាងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ នៅតាមវិទ្យាល័យសាធារណៈរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា។

រដ្ឋមន្ដ្រី ជា វ៉ាតដេត បានបញ្ជាក់យ៉ាងដូច្នេះថា «នៅក្នុងឆ្នាំ២០២៤ ក្រសួងមានមហិច្ចតា ធ្វើយ៉ាងម្ដេចឲ្យសេវាទូរស័ព្ទ និងសេវាអ៊ីនធើណិត មានទូទាំងប្រទេស [...] ដូច្នេះសេវាទូរស័ព្ទ និងអ៊ីនធើណិតនេះហើយ ជាអ្នកជួយដល់ការធ្វើបដិវត្តកម្មឌីជីថល ដែលជាកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល»

បន្ថែមពីនោះទៀត រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងថា បើសិនជាគ្មានសេវាទូរស័ព្ទ និងអ៊ីនធើណិតនេះទេ គឺធ្វើមិនបាននោះទេ នូវការធ្វើបដិវត្តកម្មឌីជីថល។

រដ្ឋមន្រ្តី ជា វ៉ាន់ដេត បានថ្លែងថា ដើម្បីកសាងរដ្ឋាភិបាល សេដ្ឋកិច្ចសង្គម និងពលរដ្ឋឌីជីថល គឺធ្វើឡើងតាមរយៈ ការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការតភ្ជាប់ឌីជីថល ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងការតភ្ជាប់អ៊ីនធឺណិត។

រដ្ឋមន្រ្តី ជា វ៉ាន់ដេត បានលើកឡើងថា ការបង្កើត «មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍» នៅតាមវិទ្យាល័យសាធារណៈ គឺជាកាតាលីករថ្មី ដ៏មានសារៈសំខាន់ ប្រកបដោយសក្ដានុពល និងកាលានុវត្តភាព ក្នុងការជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី នៃការអប់រំបែបឌីជីថលឲ្យរឹងមាំ និងអំណោយផលដល់ការធ្វើបរិវត្តកម្មឌីជីថល លើគ្រប់វិស័យ។

រដ្ឋមន្ដ្រី ជា វ៉ាន់ដេត បានឲ្យដឹងផងដែរថា បច្ចុប្បន្ននេះក្រសួងកំពុងតែត្រួតពិនិត្យឡើងវិញ នូវបណ្ដាញឆ្អឹងខ្នងនៅក្នុងប្រទេស ដោយពីភ្នំពេញទៅកាន់ខេត្ដទាំងអស់ ហើយក៏កំពុងតែត្រួតពិនិត្យពីខេត្ដទៅស្រុក ដើម្បីដឹងអំពីប្រព័ន្ធបណ្ដាញ នៅទូទាំងប្រទេស មានហើយឬនៅ បើសិនជានៅ គឺត្រូវបំពេញបន្ថែម។

ជាមួយគ្នានេះ រដ្ឋមន្ដ្រី ជា វ៉ាន់ដេត បានគូសបញ្ជាក់ផងដែរថា បច្ចុប្បន្នក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កំពុងតែរៀបចំបណ្ដាញពីស្រុកទៅឃុំ ដោយចាប់ផ្ដើមពីខេត្ដតាកែវមុនគេ៕