(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យស្ថានភាពផ្លូវលំមួយចំនួន ដែលរងផលប៉ះពាល់ដោយសារទឹកភ្លៀងនារដូវវស្សា ដែលស្ថិតនៅភូមិកំព្រៅ ឃុំព្នៅទី១ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។

ក្នុងដំណើរចុះពិនិត្យស្ថានភាពផ្លូវលំនេះលោក សួន សុម៉ាលីន បានឱ្យដឹងដែរថា ដោយសាខែនេះជារដូវវស្សា តែងតែមានភ្លៀងធ្លាក់ច្រើនដូច្នេះផ្លូវលំមួយចំនួន តែងតែមានសភាពពិបាកបន្តិច តែទោះយ៉ាងណាក្តីរដ្ឋបាលខេត្ត នឹងបន្តខិតខំជួសជុលកែលំអរ ឬធ្វើផ្លូវទាំអស់នោះឲ្យបានល្អជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើប្រកបដោយភាពងាយស្រួល។

បន្ទាប់ពីការចុះត្រួតពិនិត្យផ្លូវ អភិបាលខេត្ត ក៏បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ​ ស្ថិតក្នុងវត្តឥន្ទកាលា​ ហៅវត្តកំព្រៅ​ ដើម្បីសាកសួរសុខទុក្ខអំពីស្ថានភាពក្នុងការរស់នៅរបស់បងប្អូនក្នុងមូលដ្ឋាននោះផងដែរ។ ដែលទាំងអស់នេះគឺជាការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំខេត្ត ដើម្បីធ្វើការស្វែងយល់ឲ្យកាន់តែច្បាស់និងស៊ីជម្រៅអំពីផលលំបាកការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ធ្វើយ៉ាងណាដើម្បីចូលរួមក្នុងការអភិវឌ្ឍន៍ និងបំពេញតម្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យកាន់តែល្អប្រសើរឡើងទៅតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញនៅក្នុងអាណត្តិទី៧នេះ។

សូមបញ្ជាក់ថា ផ្លូវនេះមានប្រវែង ២៣គីឡូម៉ែត្រ ដែលជាគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទដែលនឹងចាប់ផ្ដើមស្ថាបនាធ្វើជាផ្លូវក្រាលគ្រោះក្រហមនៅឆ្នាំ២០២៤៕